(ភំ្នពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្រារព្ធពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក-លោកស្រីឧត្តមសេនីយ៍ នាយករងមន្ទីរ លោក-លោកស្រីវរសេនីយ៍ នាយ-នាយរងការិយាល័យចំណុះមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនជាច្រើនរូប។
បន្ទាប់ពីស្តាប់នូវខ្លឹមសារលិខិតជូនពររបស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិទូទាំងប្រទេស ក្នុងឱកាសទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបលើកទី១១៣រួចមក លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានថ្លែងថា ថ្ងៃនេះ លោកមានសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធី អបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
លោកនាយកមន្ទីរបានគូសបញ្ជាក់ ការរំលឹកទិវាអន្តរជាតិនារី៨មីនានេះ គឺដើម្បីរំលឹកដល់ការតស៊ូ លះបង់ ជំនះរាល់ឧបសគ្គ និងបញ្ហាប្រឈមនានា ប្រកបដោយឆន្ទៈមោះមុត និងការប្តេជ្ញាចិត្តខ្ពស់របស់ស្រ្តី ក្នុងការថែរក្សាគ្រួសារ និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការងារអភិវឌ្ឍន៍ជាតិមាតុភូមិ។
ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបន្តថា ឆ្នាំមុនយើងបានជួបគ្នាម្តងហើយ ហើយឆ្នាំ២០២៤នេះ យើងជួបគ្នាម្តងទៀត ក្នុងការប្រាព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ដែលត្រូវបានប្រារព្ធ ធ្វើឡើងក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» គឺក្នុងគោលបំណងដើម្បីរំលេចអំពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រី ក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។
លោកថា តាមរយៈមូលបទ ដែលបានកំណត់លើកឡើងនេះ មានភាពស្របគ្នានឹងបរិយាកាស នៃការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកាន់តែច្រើនឡើងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ដែលមានន័យថា ស្រ្តី និងក្មេងស្រី ចាំបាច់ត្រូវតែចូលរួម និងអភិវឌ្ឍខ្លួនឲ្យទាន់តាមសភាពការណ៍ ដែលកំពុងវិវត្តទៅមុខឥតឈប់ឈរនៃបច្ចេកវិទ្យាឌីជីថល ។
ឧត្តមសេនីយ៍ឯកបន្តថា កម្ពុជាក្រោមការដឹកនាំដ៏សកម្មរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តពង្រឹងនូវក្របខណ្ឌគោលនយោបាយនានាសំដៅលើកកម្ពស់សមភាពយេនឌ័រ ព្រមទាំងការបង្កើនភាពអង់អាចក្លាហានដល់ ស្រ្តី និងក្មេងស្រី ឲ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់។
ឧត្តមសេនីយ៍ឯក បានសង្កត់ធ្ងន់ថា ការចូលរួមរបស់បងប្អូននគរបាលនារី ក្នុងការបម្រើការងារនៅក្នុងមន្ទីរ បានបង្ហាញពីឆន្ទៈដ៏មោះមុត និងការលះបង់ខ្ពស់បំផុត មិនអាចកាត់ថ្លៃ បានសម្រាប់បុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋគ្រប់រូប ពិសេសលើការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននេះ។
លោកបន្តថា មន្រ្តីនគរបាលនារីនៅក្នុងមន្ទីរយើងនេះ បានខិតខំធ្វើកិច្ចការយ៉ាងខ្ជាប់ខ្ជួននិងមានទំនួសខុសត្រូវ ដោយបានចំណាយទាំងពេលវេលា កម្លាំងកាយចិត្ត ក្នុងការចូលរួមបង្រ្កាបបទល្មើសគ្រឿងញៀននេះ។
ក្នុងនាមនាយកមន្ទីរប្រឆាំងគ្រឿងញៀន លោកសូមថ្លែងអំណរគុណដល់កងកម្លាំងជានគរបាលនារី ប្រសិនបើមិនមាននគរបាលជានារីចូលរួមចំណែកទេ កម្លាំងនគរបាលជាបុរសពិតជាមានផលលំបាក ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀន និងបទល្មើសសម្អាតប្រាក់ផងដែរ។
ឧត្តមសេនីយ៍ឯកនាយកមន្ទីរ ក៏បានលើកទឹកចិត្តដល់កងកម្លាំងនគរបាលនារី និងបានឧបត្ថម្ភនូវថវិការបស់ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងម្នាក់២០ម៉ឺនរៀល និងបានសម្តែងនូវការ កោតសរសើរ ដោយស្មោះអស់ពីដួងចិត្ត ដល់បងប្អូននគរបាលនារីគ្រប់រូប ដែលបានខិតខំបំពេញភារកិច្ច ដើម្បីបុព្វហេតុការពារសន្តិសុខ និងសុវត្ថិភាពជូនជាតិមាតុភូមិ៕