(សៀមរាប)៖ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសសើរដល់រដ្ឋបាលខេត្ត មន្ត្រី រាជការទាំងអស់ ដែលបានរួមចំណែកគាំទ្រ ការលើកកម្ពស់ ស្ថានភាព ជីវភាព សិទ្ធ ឋានៈ តួនាទីរបស់ស្ត្រី និងបន្តគាំទ្រ និងប្រែក្លាយខ្លឹមសារ នៃប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ឱ្យទៅជាសកម្មភាពជាក់ស្តែង ដើមី្បកម្ពុជាប្រែក្លាយជាប្រទេស ដែលមានខឿនសេដ្ឋកិច្ចរឹងមាំមានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ភាពសុខដុមរម្យនាក្នុងសង្គម និងពង្រីកបាននូវលក្ខខណ្ឌ អំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើមី្បឈនទៅសម្រេចបាននូវការអភិវឌ្ឍប្រកប ដោយចិរភាព និងចក្ខុវិស័យឆ្នាំ២០៥០។

ការកោតសរសើរបែបនេះរបស់លោក អ៊ាន ឃុន បានធ្វើឡើងក្នុងឱកាសដែលលោក រួមជាមួយលោកស្រី ម៉ន នីរងី្ស អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់សមាជិកាក្រុមប្រឹក្សាខេត្ត លោក លោកស្រីនាយករដ្ឋបាលសាលាខេត្ត និងមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីហាត់ការ និងបងប្អូនផ្នែកអនាម័យ ចូលរួមរៀបចំពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្រី្ត និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។

បន្ទាប់ពីលោកស្រី ម៉ន នីរងី្ស បានអាននូវព្រះរាជសារ របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវរាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤រួចមក, លោក អ៊ាន ឃុន បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ក្នុងឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាមូលបទមួយ មានគោលបំណងរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី ក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ដើម្បីឆ្លើយតបទៅនឹងបរិបទនៃការវិវឌ្ឍរបស់សេដ្ឋកិច្ច-សង្គម ស្របទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដើម្បីបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីនៅកម្ពុជា។

លោក អ៊ាន ឃុន បានបន្តថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជានិច្ចកាល តែងគាំទ្រលើកកម្ពស់ និងជម្រុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍជាតិ មាតុភូមិ តាមរយៈការបង្កើនចំនួនស្ត្រីជាមន្ត្រីរាជការ ស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងមុខតំណែងជាថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ និងមន្ទីរ-អង្គភាពគ្រប់លំដាប់ថ្នាក់។ ដើមី្បកំណើនការងារ សមធម៌ប្រសិទ្ធភាព និងចិរភាព សំដៅកសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ២០៥០។

ប្រធានក្រុមប្រឹក្សាខេត្តបានបន្តថា បច្ចុប្បន្ននេះ នារីនៅតែជាដៃគូរមិនអាចខ្វះបាន និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍជាតិមាតុភូមិ។ នៅសាលាខេត្តសៀមរាប មានមន្ត្រីរាជការជាស្ត្រី មានចំនួន ១២៥នាក់ និងសមាជិកាក្រុមប្រឹក្សាខេត្ត ៣នាក់ ,អភិបាលរងខេត្ត ០១នាក់ ,មន្ត្រីក្របខ័ណ្ឌ ៤០នាក់ ,មន្ត្រីកិច្ចសន្យា ៤៩នាក់, មន្ត្រីហាត់ការ ១៨នាក់ និងនារីអនាម័យ ១៤នាក់ផង​ដែរ។

ក្នុងពិធីសំណេះសំណាលក្នុងពិធីអបអរសាទរខួបទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤នេះ លោកអភិបាលខេត្ត បានឧបត្ថម្ភនូវថវិកា ដល់បងប្អូននារីទាំង ១៣២នាក់ ម្នាក់នូវថវិកា ១០ម៉ឺនរៀល និងផ្កា១ទងផង​ដែរ៕