(ត្បូងឃ្មុំ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខកម្លាំងកងរាជអាវុធហត្ថ ពិនិត្យវឌ្ឍនភាព ការងារការកសាង អគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅទីរួមខេត្តត្បូងឃ្មុំ និងបន្តចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម អុិច១៦ ក្នុងស្រុកមេមត់។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍ សៅ សុខា បានកោតសរសើរចំពោះថ្នាក់ដឹកនាំ និងកងកម្លាំងកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត ប្រកបដោយឆន្ទៈយ៉ាងមុតស្រួច អនុវត្តន៍តាមភារកិច្ចការងារ ថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៍ដូចជាថ្នាក់ដឹកនាំនានា ដែលមកកាន់ខេត្តកូនពៅមួយនេះ។ ជាពិសេសលោក មេបញ្ជាការ រ័ត្នចាន់ណា ដែលបានខិតខំកសាង អគារសេនាធិការនេះ ឲ្យផុសចេញជារូបរាងឡើងនាពេលនេះ។

សូមជម្រាបថា អគារសេនាធិការនេះ ដំណើរការសាងសង់ ក្រោមការចង្អុលបង្ហាញពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា និងដឹកនាំកសាងដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ។

អគារសេនាធិការ ចាប់ផ្តើមសាងសង់ ពីចុងខែកញ្ញា ឆ្នាំ២០២២ មកដល់ពេលនេះបានប្រមាណ ជាង៩៥%ហើយ ដោយគ្រោងនឹងបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ និងបំពាក់សម្ភារៈបរិក្ខារ អាចចូលប្រើប្រាស់ជាផ្លូវការ មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ រ័ត្ន ចាន់ណា បានទទួលតំណែងភ្លាម លោកបានចង្អុលបង្ហាញ រៀបចំនិងដឹកនាំការកសាងដោយផ្ទាល់ ហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីបញ្ជារដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ លើផ្ទៃដីប្រមាណជាង ០៣ហិចតា រួមមានៈ ចាក់ធ្វើផ្លូវបេតុងចូល, តបណ្តាញភ្លើងចូលអគារ, ភ្លើងសូឡាបំភ្លឺ, បន្ទប់ឃុំខ្លួនបន្តោះអាសន្នចំនួន២, បន្ទប់ទឹកចំនួន០៦បន្ទប់, បន្ទប់ស្នាក់នៅបណ្តោះអាសន្នកងកម្លាំងចំនួន៥ខ្នង ចាក់សាប សង់អំពីដែក -ល-។

ជាពិសេស បន្តកសាងអគារសេនាធិការ១ខ្នង កម្ពស់៣ជាន់ មានសាលប្រជុំ២ បន្ទប់ទទួលភ្ញៀវ១ បន្ទប់ធ្វើការ១៣បន្ទប់ សម្ភារៈ បរិក្ខារទំនើបៗ ដែលបម្រើការងារឲ្យមន្ទីរចំនួន០៧ ចំណុះឲ្យបញ្ជាការដ្ឋានអាវុធហត្ថ រួមមានៈ មន្ទីរសម្ភារៈបច្ចេ្ទកទេស, មន្ទីរកសាងកម្លាំង, មន្ទីរផែនការប្រតិបត្តិការ, មន្ទីរភស្តុរភា, មន្ទីរយុត្តិធម៍, មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ និងមន្ទីរទំនាក់ទំនងសាធារណៈ៕