(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ បានអញ្ជើញដឹកនាំគណ:ប្រតិភូ ត្រឡប់មកពីប្រទេសអីុស្រាអែលវិញហើយ ដោយនាំនូវលទ្ធផលសំខាន់ៗសម្រាប់កម្ពុជា។
សូមបញ្ជាក់ថា លោករដ្ឋមន្រ្តីកសិកម្ម បានដឹកនាំគណ:ប្រតិភូទៅទស្សនកិច្ច នៅប្រទេសអីុស្រាអែល ចាប់ពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះ។
នៅក្នុងដំណើរទស្សនកិច្ចនេះលោករដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តី ក្រសួងកសិកម្ម និងអភិវឌ្ឍន៏ជនបទ អីុស្រាអែល ជួបសម្តែងការគួរសមជាមួយលោក ស្យីម៉ុន ប៉េរែស អតីតប្រធានាធិបតីទី៩ ប្រទេសអីុស្រាអែល ជួបពិភាក្សាជាមួយ សភាពាណិជ្ជកម្មអីុស្រាអែល តំណាងក្រសួងការបរទេស អីុស្រាអែល និងនិស្សិតចំនួន១០២នាក់ ដែលបានបញ្ចប់ការបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៅអ៉ីស្រាអែលផងដែរ។
ឆ្លងកាត់តាមការជួបពិភាក្សាខាងលើលោករដ្ឋមន្រ្តី ក្រសួង បាននាំមកនូវលទ្ធផលសំខាន់ៗដូចជា៖
១. ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអីុស្រាអែល ជំរុញអោយកម្ពុជា នាំចេញនូវផលិតផលត្រី មកកាន់ប្រទេសអ៉ីស្រាអែល ដោយមានការអនុគ្រោះពន្ធនាំចូល។
២. ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទអ៊ីស្រាអែល នឹងដឹកនាំគណ:ប្រតិភូ និងធុរកិច្ចអ៉ីស្រាអែល ធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីពិនិត្យមើលពីសក្តានុពលធុរកិច្ច នៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការការទូតរវាងប្រទេសទាំងពីរ
៣. លោក ស្យីម៉ុន ប៉េរែស បានស្នើអោយកម្ពុជា ត្រៀមរៀបចំសមាសភាព ដើម្បីធ្វើការសម្របសម្រួលកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ
៤. ក្រសួងការបរទេសអ៉ីស្រាអែល នឹងពិនិត្យមើលពីការបង្កើនចំនួននិស្សិត មកបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម នៅប្រទេសអ៉ីស្រាអែល ច្រើនជាងពេលបច្ចុប្បន្នបីដង។
៥. ក្រុមហ៊ុន អេសអែនធី លង្កា នៃប្រទេសអ៉ីស្រាអែល មានគម្រោងវិនិយោគ លើការចិញ្ចឹមគោយកទឹកដោះនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានទំហំប្រមាណ ១១លានដុល្លារ ក្នុងនោះក៏មានគម្រោងបង្កើនមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងបច្ចេកវិទ្យាកសិកម្មពីអ៉ីស្រាអែល ដល់កសិករកម្ពុជាផងដែរ៕