(កំពង់ឆ្នាំង)៖ កាលពីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក សាន់ យូ អភិបាលរងខេត្ត បានដឹកនាំក្រុមការ ងារចម្រុះចុះពិនិត្យស្ថានភាពទឹកនៅតំបន់់ទំនប់៧មករា ក្នុងឃុំព្នៅ ស្រុកសន្ទុក និងទំនប់កងមាស ស្ទឹងជីនិត ស្ថិតក្នុងភូមិស្នោរ ឃុំកំពង់ថ្ម ខេត្តកំពង់ធំ ដោយបានជួបពិភាក្សាជាមួយក្រុមការងារចម្រុះខេត្តកំពង់ធំ ដែលដឹកនាំដោយលោក ព្រីម រដ្ឋា អភិបាលរងខេត្ត ដើម្បីរកដំណោះស្រាយ និងស្នើជួយបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិត ឆ្ពោះទៅទំនប់កោះបូ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយនាំយកមកស្រោចស្រពសង្រ្គោះស្រូវរបស់ប្រជាកសិករ ដែលកំពុងតែជួបប្រទះបញ្ហាខ្វះទឹក នៅក្នុងស្រុកកំពង់លែង។
កិច្ចសហប្រតិបត្តិការរវាងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំខាងលើនេះ បញ្ជាក់ឲ្យឃើញពីការសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្តទាំង២ ដោយមិនមានការប្រកាន់ភូមិសាស្ត្រប្រជាពលរដ្ឋ នេះគឺជាការ ទំនាក់ទំនងដ៏ជិតស្និទ្ធរវាងថ្នាក់ដឹកនាំខេត្តទាំង២ ដើម្បីស្វែងរកប្រភពទឹកជាបន្ទាន់ក្នុងការជួយសង្គ្រោះស្រូវប្រាំង របស់ប្រជាកសិករដែលកំពុងតែជួបការខ្វះខាតទឹកសម្រាប់ស្រោចស្រព។
លោកអភិបាលខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណអាជ្ញាធរខេត្តកំពង់ធំ ដែលបានសហការបើកបង្ហូរទឹកទម្លាក់តាមស្ទឹងជីនិតតាមការស្នើសុំរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង ដើម្បីនាំទឹកទៅសង្គ្រោះស្រូវប្រាំងរបស់ ប្រជាកសិករក្នុងឃុំសំរោងសែន និងឃុំច្រណូក ស្រុកកំពង់លែង បានទាន់ពេលវេលា។
សូមបញ្ជាក់ថា ទំនប់ស្ទាក់ទឹកកងមាស ស្ថិតក្នុងឃុំព្នៅ និងឃុំត្នោតជុំ រវាងស្រុកសន្ទុក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលទំនប់នេះអាចបង្ហូរទឹកយកមកស្រោចស្រពស្រូវប្រាំងរបស់ប្រជាកសិករនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះក្នុងការខ្វះខាតទឹកស្រេពបានគ្រប់គ្រាន់ផងដែរ៕