(កណ្ដាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានកោតសរសើរ លើកទឹកចិត្ត និងអរគុណចំពោះវីរភាពរបស់កងកម្លាំង ជាពិសេសកងកម្លាំងនារីទាំងអស់ ដែលបានលះបង់ធ្វើពលីកម្មគ្រប់ បែបយ៉ាងដើម្បីបុព្វហេតុជាតិ មាតុភូមិ ប្រកបដោយឆន្ទៈ មនសិការ បន្តដិតជាប់ក្នុងស្មារតីនៃកងកម្លាំងនគរបាលនារីជារៀងរហូត។
លោកស្នងការបានថ្លែងកោតសរសើរបែបនេះ បានធ្វើឡើងក្នុងពិធីប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលមានវត្តមានជាពិសេសរបស់លោកស្រី រ៉េត ផល្លីដា ជាឧត្តមភរិយា, ស្នងការរងទាំងអស់ និងភរិយា ព្រមទាំងស្ត្រីជានគរបាលសរុបចំនួន៣១៦នាក់ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ នៅឯស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។
លោកឧត្តមសេនីយ៍ទោស្នងការ បានលើកឡើងថា កងកម្លាំងនគរបាលនារីខេត្តកណ្ដាល បានចូលរួមយ៉ាងសកម្ម ក្នុងការខិតខំថែរក្សាសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានយ៉ាងល្អ ប្រសើរជាមួយការទទួលបានការកោតសរសើរពីសំណាក់មហាជនគ្រប់ទិសទីផងដែរ។
លោកស្នងការបានបន្តថា ទន្ទឹមនោះដែរ បច្ចុប្បន្ន្ននេះ គឺជាសម័យបច្ចេកវិទ្យាឌីជីថល ដែលរំលេចអំពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ ការចូលរួមនឹងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកប ដោយប្រសិទ្ធភាព និងសុវត្ថិភាព និងជាការឆ្លើយតបនឹងបរិបទនៃការវិវត្តរបស់សង្គមនៅក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី។
លោកឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដែលលោកតែងតែយកចិត្តទុកដាក់ជានិច្ចចំពោះកងកម្លាំងគ្រប់ៗរូប។ ជាមួយគ្នានោះលោកស្នងការក៏បានផ្តល់ជូនបាច់ផ្កា វត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួនដល់កងកម្លាំងនគរបាលនារី ដែលជាការចូលរួមចំណែកលើកកម្ពស់ និងផ្ដល់តម្លៃដល់ស្ត្រីជានគរបាលជាតិ៕