(ភ្នំពេញ)៖ ដោយទទួលបានការចាត់តាំង ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នៅថ្ងៃ៧ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូក្រសួងអធិការកិច្ច ចំនួន ២៨រូប អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១ នៃរដ្ឋសភា) ដឹកនាំដោយលោក សរ ចំរុង ជាប្រធាន និងមានការចូលរួមពីតំណាងគណៈកម្មការនានា នៃរដ្ឋសភា ដើម្បីធ្វើសេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម និងទិសដៅការងារអនុវត្តបន្តរបស់ក្រសួងអធិការកិច្ច ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។
ថ្លែងក្នុងកិច្ចប្រជុំ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណប្រធានគណៈកម្មការទី១ នៃរដ្ឋសភា ដែលបានបង្ហាញអំពីតួនាទីភារកិច្ច ដ៏មានសារៈសំខាន់របស់គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ក៏ដូចជាសមិទ្ធផលការងារជាច្រើន ដែលសម្រេចបានតាំងពីអាណត្តិទី១ រហូតមកដល់បច្ចុប្បន្ន។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ អនុប្រធាន សមាជិក សមាជិកាគណៈកម្មការទី១ និងតំណាងគណៈកម្មការនានា នៃរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមក្នុងកិច្ចប្រជុំពិភាក្សាដ៏មានសារៈសំខាន់នៅថ្ងៃនេះ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានធ្វើសេចក្តីរាយការណ៍គោរពជូនអង្គប្រជុំ អំពីសាវតាររបស់ក្រសួងអធិការកិច្ច តួនាទីភារកិច្ច បេសកកម្ម រចនាសម្ព័ន្ធ និងសមិទ្ធផលសំខាន់ៗ ដែលក្រសួងសម្រេចបាន នៅក្នុងឆ្នាំ២០២៣ បញ្ហាប្រឈមដែលក្រសួងជួបប្រទះ ព្រមទាំងទិសដៅការងារអាទិភាព ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់ក្រសួងអធិការកិច្ច៕