(ស្ទឹងត្រែង)៖ លោក ប៉ែន លីណាត អភិបាលស្តីទីខេត្តស្ទឹងត្រែង បានជំរុញមន្រ្តីដែលជាស្រ្តីរបស់រដ្ឋបាលខេត្តស្ទឹងត្រែង ត្រូវបង្កើនសមត្ថភាព និងការចូលរួមក្នុងបរិវត្តកម្មឌីជីថល ប្រកបដោយប្រសិទ្ធភាព ខណៈការអប់រំចំណេះដឹង ជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា លើកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យជីវភាពរស់នៅរបស់ស្ត្រី និងគ្រួសារមានភាពប្រសើរឡើងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងងាយរងគ្រោះជាដើម។
ការជំរុញបែបនេះរបស់អភិបាលស្តីទី បានធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាពជួបសំណេះសំណាលជាមួយជាមួយមន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាសាលាខេត្ត ដើម្បីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ឌឌីជីថល» ។
ក្នុងឱកាសនោះលោក ប៉ែន លីណាត តំណាងឱ្យគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ជារៀងរាល់ឆ្នាំរដ្ឋបាលសាលាខេត្តស្ទឹងត្រែង តែងតែជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត និងមន្ត្រីរាជការរបស់រដ្ឋបាលខេត្ត ដែលជាស្រ្តី ដើម្បីជាការអបអរសាទរ ខួបទិវានារីអន្តរជាតិ និងក្នុងការសម្តែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ពួកគាត់។
លោកបានបន្តថា សម្រាប់ប្រធានបទទិវានារីអន្តរជាតិឆ្នាំ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្ឌឌីជីថល» គឺជាការបន្តលើកកម្ពស់ និងជំរុញការអនុវត្តគោលនយោបាយពង្រឹងសមភាពយេនឌ័រ ជាពិសេសការងារបញ្ជ្រាបយេនឌ័រ ជាកិច្ចការអន្តរវិស័យក្នុងការធានាបាននូវចីរភាពនៃសុខសន្តិភាព និងពន្លឿនល្បឿននៃការអភិវឌ្ឍជាតិ ជាពិសេសក្នុងយុគសម័យឌីជីថល និងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕