(សៀមរាប)៖ ក្រុមប្រឹក្សាខេត្តសៀមរាប នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានបើកបើកកិច្ចប្រជុំសាមញ្ញលើកទី៥៨ ឆ្នាំទី៥ ឆ្នាំចុងក្រោយនៃអាណត្តិទី៣ ដើម្បីដោះស្រាយលើបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ក្រោមវត្តមានរបស់លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអាជ្ញាធរអប្សារា និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះដែរសមាជិកនៃកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត បានលើនូវបញ្ហាពាក់ព័ន្ធមួយចំនួនទៅនឹងរដ្ឋបាលខេត្ត ដោយបានផ្តោតលើបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ចរាចរណ៍ គំនូសចរាចរណ៍ដងផ្លូវ បញ្ហាចំណតយានយន្ត នៅតាមទីប្រជុំជន ផ្សារ សាលារៀន បញ្ហាលក់ដូរនៅតាមផ្លូវដងស្ទឹង បញ្ហាការប្រើប្រាស់ឯកសណ្ឋានកងកម្លាំងមិនគ្រប់ លក្ខណៈ ,ការបាក់ច្រាំងមាត់ស្ទឹង ផ្លូវទៅអាកាសយានដ្ឋានថ្មីតើគ្រប់គ្រងស្ថាប័នណា អំពីច្បាប់ពុះដីឡូត៌, ការបង្កើតមជ្ឈមណ្ឌលព្យាបាលបេះដូង ,និងប្រជាពលរដ្ឋស្ម័ត្រចិត្តរុះរើចេញពីតំបន់រមនីយដ្ឋាននៅប៉ុន្មានគ្រួសារទៀត។ បន្ទាប់ពីបណ្តាលមន្ទីរ អង្គភាព ពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំរួចមក សមាជិកនៃកិច្ចប្រជុំសាមញ្ញ លើកទី៥៨ បានអនុម័តទៅលើពង្រាងរបាយការណ៍ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៤។

លោក នាក់ ណេរ៉ុន បានវាយតម្លៃខ្ពស់ទៅលើលទ្ធផលការងារប្រចាំខែកុម្ភៈ ព្រមទាំងបានជម្រុញដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក សំខាន់គ្រប់ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ដែលជាសេនាធិការ ជូនគណៈអភិបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចកសាង និងអភិវឌ្ឍន៍ ដោយផ្តោតសំខាន់ទៅ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន ក្នុងឱកាសរៀបចំបុណ្យទន្លេថ្ងៃខាងមុខនេះ និងការរៀបចំសោភណ្ឌភាពក្រុង នៅតាមដងស្ទឹង ដងផ្លូវ វិថីនានាក្នុងក្រុង ដោយរដ្ឋបាលខេត្តបានរៀបចំធ្វើកម្មវិធីសៀមរាបសង្ក្រាន្តផងដែរ។ ម៉្យាងទៀតត្រូវអនុវត្តឲ្យខាងតែបាននូវទិសដៅរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃយុទ្ធសាសន៍បញ្ចកោណ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ។

លោក អ៊ាន ឃុន បានលើកឡើងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សាឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក។

លោក អ៊ាន ឃុន បន្តថា នៅថ្ងៃខាងមុខនេះ នៅខេត្តយើងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្នុងគោលបំណងបំផុសចលនាមហាជនឲ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ហើយក៏ជាលើកទី១ ធ្វើជាម្ចាស់ផ្ទះនៃការរៀបចំពិធីបុណ្យទន្លេ ព្រមទាំងមានរៀបចំធ្វើសង្ក្រាន្តសៀមរាប ស្របពេលដូចជាការ គាំទ្រដល់យុទ្ធនាការទស្សនាសៀមរាប ឆ្នាំ២០២៤ ផងដែរ។

លោកក៏បានជម្រុញដល់សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុង ទីចាត់ការ អង្គភាពជាសេនាធិការរបស់ខេត្ត ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ក្នុងការអនុវត្តនូវផែនការបន្តចំពោះមុខ សំដៅនូវភាពជោគជ័យសម្រាប់ខេត្តផងដែរ។

លោកបន្តថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និងមានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕