(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ក្រោមប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ។ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោកសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ។

លោកសាស្ត្រាចារ្យ គង់ សន្យា បានថ្លែងថា ថ្ងៃនេះ ជាថ្ងៃដ៏សែនរីករាយ ហើយមានសេចក្តីសោមនស្សយ៉ាងក្រៃលែង ដែលបានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ដែលប្រធានបទឆ្នាំនេះ គឺ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»

លោកសាស្ត្រាបន្តថា ប្រធានបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» បានសបញ្ជាក់ឱ្យឃើញពីគុណតម្លៃយ៉ាងឧត្ដុង្គឧត្តមរបស់នារី ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក សម្រេចឱ្យបាននូវក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលក្របខ័ណ្ឌនេះ បានកំណត់យកគោលការណ៍ចំនួន ៣ គឺ ការកសាងមូលដ្ឋានគ្រឹះឌីជីថល, ការចាប់យកឌីជីថល, ការធ្វើបដិវត្តកម្មឌីជីថល។ ចក្ខុវិស័យរបស់ក្របខ័ណ្ឌគោលនយោបាយនេះ គឺ ការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។

តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយក និងបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងទាំងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី។

លោកសាស្ត្រាចារ្យបន្តថា «នៅមន្ទីរពេទ្យកាល់ម៉ែត យើងទាំងអស់គ្នាមានមោទនភាព ដោយសារយើងបាននិងនៅតែខិតខំយកចិត្តទុកដាក់បំពេញការងារបម្រើសេវាពិនិត្យព្យាបាលជំងឺបានយ៉ាងល្អប្រសើរ បន្តវេននូវគំរូវប្បធម៌ល្អៗដែលលោករដ្ឋមន្ត្រីបាននាំយើងឱ្យរីកចម្រើនរឹងមាំកន្លងមក។ ក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំសូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុតចំពោះថ្នាក់ដឹកនាំ សហការី មន្ត្រីរាជការ ព្រមទាំងបុគ្គលិកទាំងអស់ ជាពិសេសនារីដែលបច្ចុប្បន្នមានចំនួនរហូតដល់ទៅ ៥៤,៩០% នៃចំនួនមន្ត្រី-បុគ្គលិកសរុបរបស់មន្ទីរពេទ្យ ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងារទៅតាមជំនាញ និងបច្ចេកទេសរៀងៗខ្លួន ហើយមានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ បានយ៉ាងស្ទាត់ជំនាញ រួមមានដូចជាវេជ្ជបណ្ឌិតឯកទេសគ្រប់ជំនាញ គិលានុបដ្ឋាក-យិកា ឆ្មប អ្នកបច្ចេកទេសវិទ្យុសាស្ត អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នករូបវិទ្យាវេជ្ជសាស្ត្រជាន់ខ្ពស់វិស្វករអគ្គិសនី អ្នកបច្ចេកទេសបរិក្ខារជីវវេជ្ជសាស្ត្រ -ល-»

ឆ្លៀតក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ គង់ សន្យា បានលើកទឹកចិត្តដល់លោក អ្នកគ្រូពេទ្យគ្រប់ផ្នែកបន្តចូលរួមបន្តជំរុញការងារអភិវឌ្ឍន៍ និងធ្វើទំនើបកម្មលើកិច្ចការផ្ដល់សេវាឱ្យបានកាន់តែសម្បូរបែប ដើម្បីនិរន្តភាព និងលទ្ធផលជាផ្លែផ្ការបស់មន្ទីរពេទ្យ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើននាពេលបច្ចុប្បន្ន និងទៅអនាគតលើវិស័យវេជ្ជសាស្ត្រ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្តេចបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណទី១ ផ្តោតសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្សជាចម្បង។

លោកសាស្ត្រាចារ្យ គង់ សន្យា ក៏បានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការរួបរួមកម្លាំងរបស់ក្រុមការងារទាំងអស់ នឹងនាំមកនូវគុណប្រយោជន៍ដ៏ច្រើនក្នុងការកសាងធនធានមនុស្ស និងបច្ចេកទេសវេជ្ជសាស្ត្រថ្មីៗ ដើម្បីបន្តលើកតម្លៃមន្ទីរពេទ្យកាល់ម៉ែតជាមន្ទីរពេទ្យសាធារណៈលំដាប់ខ្ពស់ចុងក្រោយនៅកម្ពុជា៕