(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងការប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៣ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។

ពិធីនេះបានធ្វើឡើងនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ដោយមានការចូលរួមផងដែរពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងមានថ្នាក់ដឹកនាំក្រសួង លោកស្រីរដ្ឋលេខាធិការតំណាងក្រសួងកិច្ចការនារី លោកស្រីរដ្ឋលេខាធិការតំណាងក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការ និយោជិតតំណាងនារីតាមអង្គភាពក្រោមឱវាទក្រសួង និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណជាង ៥០០រូប។

ក្នុងរបាយការណ៍សង្ខេបអំពីសកម្មភាពការងាររបស់មន្ត្រីរាជការ និយោជិតជានារីនៃក្រសួងសាធារណការ និងដឹកជញ្ជូន ដោយលោកស្រីរដ្ឋលេខាធិការ ប្រធានសមាគមនារីក្រសួង បានបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៣ ដោយគិតទាំងក្របខណ្ឌសហគ្រាសសាធារណៈ ក្នុងចំណោមចំនួនមន្រ្តីរាជការសរុប ៣ ៤៥៥នាក់ មានមន្រ្តីរាជការនារី ចំនួន ៥១៨នាក់។ ក្នុងនោះដែរក្រសួងមានរដ្ឋលេខាធិការជានារី ០៤រូប អនុរដ្ឋលេខាធិការជានារី ០១រូប អគ្គនាយករង/អគ្គាធិការរងជានារី ០៩រូប ប្រធាននាយកដ្ឋានជានារី(និងថ្នាក់ប្រហាក់ប្រហែល)ចំនួន ០៥រូប អនុប្រធាននាយកដ្ឋានជានារី ២៧រូប និងអនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូន តាមរាជធានី/ខេត្តជានារីមានចំនួន ១០រូប។

ទាក់ទងនឹងកិច្ចការនារីនេះដែរលោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានលើកថា ក្រសួងនៅតែបន្តការគាំទ្រលើយន្តការលើកកម្ពស់សកម្មភាពយេនឌ័រក្នុងវិស័យសាធារណការ និងដឹកជញ្ជូន និងការសម្រេចឱ្យបាននូវជោគជ័យដ៏ត្រចះត្រចង់ថ្មីៗបន្ថែមទៀត ក្នុងបរិបទឌីជីថលសម្រាប់ឆ្នាំ២០២៤នេះ តាមរយៈការបង្កើនសមត្ថភាពស្ត្រីឱ្យកាន់តែទូលំទូលាយ។

ជាមួយគ្នានេះលោករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់អង្គភាពក្រោមឱវាទក្រសួង បន្តបង្កលក្ខណៈងាយស្រួល និងគិតគូរអំពីសុខទុក្ខរបស់មន្ត្រីរាជការជានារី និងសំណូមពរឱ្យពិនិត្យមើលលើសមត្ថភាព គុណវុឌ្ឍ សីលធម៌ សាមគ្គីភាពល្អ និងអតីតភាពការងារយូរឆ្នាំ ដើម្បីពិនិត្យលទ្ធភាពតែងតាំងដំឡើងឋានៈជូនមន្ត្រីជានារី និងត្រូវយកចិត្តទុកដាក់ដំឡើងឋានន្តរស័ក្ដិកាំប្រាក់ដល់មន្ត្រីរាជការនារី ដែលជិតចូលនិវត្តន៍ឱ្យបានទាន់ពេលវេលា ពិសេសផ្តល់ឱកាសឱ្យមន្ត្រីនារីមានដែលសមត្ថភាព អាចមានឱកាសធ្វើជាទីប្រឹក្សា ឬជំនួយការក្រសួង ដើម្បីផ្ទេរនូវចំណេះដឹង និងបទពិសោធន៍ការងារ ដល់មន្ត្រីបន្តវេនវ័យក្មេងជំនាន់ក្រោយ។

នៅក្នុងប្រសាសន៍នាឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងការនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជូនដល់សមាជិកសមាជិកាទាំងអស់ ក្នុងពិធីជួបជុំថ្ងៃនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ស្មារតី និងទទួលខុសត្រូវក្នុងការបំពេញភារកិច្ចការងារចលនាស្រ្តី ក្នុងរយៈពេលកន្លងមក របស់លោកស្រី ដែលជាថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន រហូតទទួលបានលទ្ធផលជោគជ័យគាប់ប្រសើរគួរឱ្យកត់សម្គាល់។

មុននឹងបញ្ចប់កម្មវិធីនាឱកាសនេះ ក៏មានពិធីជូនបាច់ផ្កា និងវត្ថុអនុស្សាវរីយ៍ជូនដល់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកស្រីជាគណៈអធិបតី និង លោកស្រី អ្នកនាងកញ្ញា ជាមន្ត្រីរាជការតំណាងនារីតាមអង្គភាពក្រោមឱវាទក្រសួងផងដែរ៕