(ភ្នំពេញ)៖ លោកស្រី Ann Mills-Griffiths ប្រធានសហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ បានផ្តល់ពិន្ទុឱ្យកម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ លើកិច្ចការរកធាតុទាហានអាមេរិក ដែលបានស្លាប់បាត់បង់ជីវិតក្នុងសម័យសង្គ្រាម។ លោកស្រីចាត់ទុកកិច្ចសហការនេះ ជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។
លោកស្រី Ann Mills-Griffiths បានគូសរំលេចបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។
យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី បានឱ្យដឹងថា ក្នុងជំនួបនេះ លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួបសម្តែងការគួរសម។ លោកស្រី បានចូលរួមអបអរសារទរចំពោះជោគជ័យនៃដំណើរបំពេញបេសកកម្មការងាររបស់សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។
លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភាអាណត្តិទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងមកនេះ។
ពាក់ព័ន្ធការរុករកធាតុទាហានអាមេរិក លោកស្រី ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះសកម្មភាពរបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណជាង ៣២ឆ្នាំមកនេះ។
លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជា គឺជាដៃគូដ៏ល្អបំផុតក្នុងការគាំទ្រសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍។ លោកស្រីចាត់ទុកកិច្ចសហការនេះ ជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាងច្បាស់រវាងការងារមនុស្សធម៌ និងបញ្ហានយោបាយ។
លោកស្រី ក៏បានគោរពជម្រាបសម្តេចធិបតី អំពីអ្នកដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែលលោកនឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិនៃគ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។
សម្តេចធិបតី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជរដ្ឋាភិបាលខិតខំបន្ថែមទៀត ក្នុងការសម្របសម្រួលលើសកម្មភាពនេះឱ្យសម្រេចបានជោគជ័យ ទោះបីជានៅតំបន់ខ្លះមានលក្ខណៈស្មុគស្មាញក៏ដោយ។
សម្តេចធិបតី បានបញ្ជាក់ជូនលោកស្រីថា ជាមួយបទពិសោធន៍ដ៏ច្បាស់លាស់ និងយូរអង្វែងរាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូនលោក ប៉ុល សារឿន បន្តទៀតក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និងជីករុករកធាតុជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និងស្រឡាញ់ ចំពោះក្រុមគ្រួសារនៃទាហានដែលបានបាត់ខ្លួន។
តាមរបាយការណ៍របស់អាមេរិក បានឱ្យដឹងថា ទាហានអាមេរិកដែលបានបាត់ខ្លួននៅកម្ពុជាមានចំនួនប្រមាណ ៩០នាក់ ហើយសាកសពចំនួន៤២នាក់ត្រូវបានរកឃើញ។ ទាហានអាមេរិកាំងសរុបចំនួន២,៦៤៦នាក់ បានបាត់ខ្លួនក្នុងប្រទេសវៀតណាម ឡាវ កម្ពុជា និងចិន កាលពីសម័យសង្គ្រាមវៀតណាម។ ធាតុទាហានអាមេរិជាង ១,៦០០នាក់ នៅបន្តបាត់ខ្លួននៅឡើយរហូតមកដល់ពេលនេះ ក្នុងនោះទាហានជាង ១,២០០នាក់បានបាត់ខ្លួនក្នុងទឹកដីវៀតណាម។
កម្ពុជាបានអនុវត្តប្រតិបត្តិការរុករកធាតុទាហានអាមេរិកដែលបានបាត់បង់ជីវិតក្នុងសង្គ្រាមអាមេរិក-វៀតណាម កាលពីទសវត្សរ៍ឆ្នាំ៧០ ចាប់តាំងពីឆ្នាំ១៩៨០មក។ កាលពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៨សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសផ្អាកការរុករកអដ្ឋិធាតុទាហានអាមេរិក ដើម្បីជាការឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ដែលបានសម្រេចផ្អាកចេញទិដ្ឋាការប្រភេទមិនមែនអន្តោប្រវេសន៍ ឱ្យមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា។ ប៉ុន្តែនៅខែតុលា ឆ្នាំ២០១៨ សម្តេចតេជោ បានអនុញ្ញាតឱ្យមានកិច្ចសហការរុករកធាតុទាហានអាមេរិកនៅលើទឹកដីកម្ពុជាឡើងវិញ៕