(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនសំណង់កូរ៉េធំៗចំនួន០២ គឺក្រុមហ៊ុន POSCO E&C ដឹកនាំដោយលោក ដេយ៉ុន គីម (Mr. Dae-Hyun KIM) អគ្គនាយករងជាន់ខ្ពស់ និងក្រុមហ៊ុន ILSUNG Construction Co., Ltd. ដឹកនាំដោយលោក យ៉ុងហូ លី (Mr. Yong-Ho LEE) នាយកក្រុមហ៊ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមផងដែរពីថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

ជំនួបពិភាក្សានាឱកាសនេះ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤ ដើម្បីពិនិត្យលទ្ធភាព និងឱកាសក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងផ្នែករដ្ឋ និងវិស័យឯកជន សំដៅចូលរួមរអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន និងប្រព័ន្ធចម្រោះទឹកកខ្វក់នៅកម្ពុជា ឱ្យកាន់តែមានភាពទំនើប និងភាពធន់ខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នីតិកាលទី៧ និងអាទិភាពគន្លឹះទាំង៥ ដែលបានដាក់ចេញ៕