(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា និងលោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរងរាជធានីភ្នំពេញ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍមុស្លិមកម្ពុជា (CMDF) អញ្ជើញចែកកញ្ចប់អាហារខែរ៉ាម៉ាឌនរបស់អង្គការ ហាសាណះ (Hasene) សហការជាមួយ CMDF ចំនួន២០០គ្រួសារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខធិការ ទីប្រឹក្សារដ្ឋាភិបាល សមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ព្រមទាំងអាជ្ញាធរមូលរដ្ឋានផងដែរ។ ក្នុងឱកាសនោះ លោកស្រីក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត អូស្មាន ហាស្សាន់ ជូនដល់បងប្អូនជាទីនឹករលឹកបំផុត។
លោកស្រី ម៉ាណ ណាវី បានថ្លែងអំណរគុណដល់ អង្គការ ហាសាណះ (Hasene) ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជាដែលមានភាពខ្វះខាត ដោយមិនប្រកាន់ជាតិសាសន៍ និងសាសនានោះឡើយ។ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា កម្ពុជាគ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។
លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាម ក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឲ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។
ចំណែកលោក អ៊ីមរ៉ន ហាស្សាន់ បានមានមតិសំណេះសំណាល ព្រមទាំងផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដល់ប្រជាពលរដ្ឋ និងក្រុមការងារអង្គការអន្តរជាតិខាងលើផងដែរ ដែលបានផ្តល់ជំនួយជូនប្រជាពលរដ្ឋកម្ពុជា ដែលមានជីវភាពខ្វះខាត សម្រាប់ខែរ៉ាម៉ាឌន ដែលខិតនឹងមកដល់នាពេលខាងមុខនេះ។
លោកបានបន្ដថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើឲ្យប្រទេសជាតិ រួចផុតពីសម័យសង្គ្រាម និងធ្វើឲ្យកម្ពុជាមានការរីកចម្រើន មានសុខសុន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋនាំគ្នា បន្តចូលរួមថែរក្សាសន្តិភាព ដោយបន្តការគាំទ្រដល់រាជរដ្ឋាភិបាល ដើម្បីទទួលបានសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត៕