(សៀមរាប)៖ ភ្ញៀវទេសចរបរទេសពិតជារីករាយយ៉ាងក្រៃលែង ក្នុងការទស្សនាទិដ្ឋភាពថ្ងៃរះ នៅមុខប្រាសាទអង្គរតូច ព្រោះជាចំណីជីវិតដែលមិនងាយនឹងបានជួប។

វីដេអូឃ្លីបមួយដែលបង្ហោះដោយលោក សាម សុតសុភី មគ្គទេសន៍ទេសចរណ៍ភាសាអង់គ្លេស ក្នុងក្រុមហ៊ុន Journey Cambodia ដែលបង្ហោះនៅក្នុងបណ្តាញទំនាក់ទំនងសង្គម Facebook បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែបង្ហាញពីភាពរីករាយ របស់ភ្ញៀវទេសចរបរទេស ដែលបានមើលថ្ងៃរះ នៅមុខប្រាសាទអង្គរវត្ត ដោយភ្ញៀវខ្លះឡើងជិះករគ្នា ដើម្បីថតរូបទៀតផង។

លោក សាម សុតសុភី បានបញ្ជាក់ឱ្យដឹងថា វីដេអូនេះលោកបានថតកាលពីម៉ោង៦៖៤០នាទីព្រឹកថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៤ ភ្ញៀវទេសចរពិតជាសប្បាយរីករាយខ្លាំងមែនទែន។

សូមជម្រាបថា បើតាមមន្ទីរទេសចរណ៍ខេត្តសៀមរាប ចាប់ពីថ្ងៃទី១-៥ ខែមីនា ឆ្នាំ២០២៤ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរសរុបចំនួន ២១,៩៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦,៤០០នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៥,៥៤៥នាក់។

ចាប់ពីថ្ងៃទី១-៥ ខែមីនា ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាតំបន់រមណីយដ្ឋានអង្គរ ចន្លោះចាប់ពី ៣,៥០០ទៅ៤,០០០នាក់ ក្នុងមួយថ្ងៃ។

រយៈពេល ២ខែដើមឆ្នាំ២០២៤នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបជាង ៥៣៧,៣៥០នាក់ កើនឡើង៦២.៦៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣ ក្នុងនោះ ភ្ញៀវទេសចរជាតិមានចំនួន៣០១,៥០០នាក់ និង ភ្ញៀវទេសចរអន្តរជាតិមានចំនួន២៣៥,៨៥០នាក់៕