(កំពង់ឆ្នាំង)៖ លោកស្រីបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបញ្ជាក់ថា ការប្រារព្ធអន្តរជាតិនារីជារៀងរាល់ឆ្នាំនេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញឱ្យមានការគិតគូរបន្ថែមដល់ស្ត្រី និងក្មេងស្រីឱ្យកាន់តែខ្លាំងបន្ថែមទៀត និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។

លោកស្រីបណ្ឌិត សឿ សុជាតា បានលើកឡើងយ៉ាងដូចនេះនាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីទិវាអន្តរជាតិនារីលើកទី១១៣ ក្រោមប្រធានបទ៖ «កាលើកកម្ពស់ស្រ្តីគឺស្មើនឹងការផ្តល់សុខុមាលភាពដល់ស្ត្រី» ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) និងដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង នៅវិទ្យាល័យក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធប្រមាណជាង ៣០០នាក់។

គួរបញ្ជាក់ថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាអន្តរជាតិនារីដើម្បី អបអរសាទរចំពោះការអភិវឌ្ឍន៍ដ៏អស្ចារ្យដែលស្ត្រីជាច្រើនបាននិងកំពុងប្រឹងប្រែងដើម្បីឆ្ពោះទៅរកការទទួលបានសិទ្ធិស្មើគ្នាជាមួយបុរស ការទទួលបានសេវាថែទាំសុខភាព តែមកទល់បច្ចុប្បន្ន ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាទូទាំងពិភពលោកក៏ដោយ ក៏បញ្ហាប្រឈមរបស់ស្ត្រីនៅក្នុងសង្គម នៅតែបន្តកើតមាន ហើយការប្រារព្ធទិវាជារៀងរាល់ឆ្នាំនេះ។

លោកស្រីបណ្ឌិត បានបន្ថែមថា ទិវាអន្តរជាតិនារីមានសារៈសំខាន់ខ្លាំងណាស់ដើម្បីរំលឹកឱ្យយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ ជាពិសេសយកចិត្តទុកដាក់ដល់ស្ត្រី និងកុមារីជាចម្បង ពិសេសស្ត្រីនិងក្មេងស្រីរស់នៅជាមួយនឹងជំងឺអេដស៍ ជំងឺអេដស៍ ដែលថ្វីដ្បិតថាយើងមើលពីខាងក្រៅឃើញមានសភាពស្ងប់ស្ងាត់ ក៏ប៉ុន្តែជំងឺនេះនៅតែបន្តរីករាលដាលហើយភាគច្រើននៃជំងឺនេះគឺកើតលើអ្នកដែលស្រឡាញ់ភេទដូចគ្នា។

ជាមួយគ្នានោះលោកស្រីបណ្ឌិត សឿ សុជាតា ក៏បានផ្តាំផ្ញើដល់យុវជនជំនាន់ក្រោយ ពិសេសសិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រ និងចៀសឱ្យផុតពីអំពើអបាយមុខនានាក្នុងសង្គម ធ្វើខ្លួនឱ្យក្លាយខ្លួនជាមូលធនដ៍សំខាននៃសង្គម ប្រកប ដោយបញ្ញា ស្មារតី និងចូលរួមលើកកម្ពស់ការអភិវឌ្ឍន៍សង្គមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តី។

លោក យិន សាវ៉េន «ទិវាអន្តរជាតិនារី» ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ក៏ស្របគ្នាជាមួយរាជរដ្ឋាភិបាលនៃរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលអាណត្តិថ្មីមានគោលជំហរនយោបាយ នៅតែបន្តពង្រឹង និងអនុវត្ត ហើយការផ្តល់អាទិភាពដល់ស្ត្រីនៅតាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ព្រមទាំងវិធានការនានា សំដៅដោះស្រាយបញ្ហាប្រឈមរបស់ស្ត្រីកម្ពុជាត្រូវបានដាក់ចេញអនុវត្តយ៉ាងសកម្ម។

ក្នុងនាមលោកអភិបាលខេត្តកំពង់ឆ្នាំង លោក យិន សាវ៉េន ក៏បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលបានចូលរួមឆ្លើយតបប្រយុទ្ធទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺអេដស៍ជាមួយរាជរដ្ឋាភិបាល និងជាពិសេសខេត្តកំពង់ឆ្នាំង លើសេវាផ្តល់ថ្នាំប្រឆាំងនឹងមេរោគអេដស៍ និងការថែទាំនៅមន្ទីរពេទ្យ ខេត្ត ស្រុក ហើយជាពិសេស បានយកចិត្តទុកដាក់ និងដែលបានរៀបចំឱ្យមានកម្មវិធីដ៏មានអត្ថន័យនេះផងដែរ។

សូមបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់ក្នុង ៤៦ប្រទេសជុំវិញពិភពលោក មានដូចជា នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕