(ភ្នំពេញ)៖ ផ្ទុយពីបក្សប្រឆាំង និងអ្នកវិភាគសង្គមមួយចំនួនថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កំពុងស្វែងរកប្រជាប្រិយភាព និង សន្លឹកឆ្នោតតាមរយៈការផ្តល់អគារសិក្សានោះ គ្រូៗ និងសិស្ស ដែលជាអ្នកទទួលបានអគារសិក្សាជាជម្រកសម្រាប់ស្វែងរកចំណេះដឹងមិនបានយល់ដូចនោះឡើយ។ ពួកគេថា អគារសិក្សា ដែលផ្តល់ដោយសម្តេចតេជោ បានឆ្លើយតបទៅនិងតម្រូវការជាក់ស្តែងរបស់សិស្សតាមទីជនបទ ដែលកំពុងកើនឡើងជារៀងរាល់ឆ្នាំ ហើយប្រឈមការខ្វះអគារសិក្សា ហើយក៏ជាការជំរុញឲ្យការអប់រំនៅតាមជនបទកាន់តែល្អប្រសើរផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅក្នុងដំណើរចុះពិនិត្យសមិទ្ធផល និងសំណេះសំណាលជាមួយមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅតាមបណ្តាខេត្តចំនួន១៧ (បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ស្ទឹងត្រែង ក្រចេះ កំពត កែប ព្រះសី ហនុ កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ តាកែវ ត្បូងឃ្មុំ កំពង់ចាម ព្រះវិហារ ឧត្តរមានជ័យ) រយៈពេលជាងមួយខែកន្លងមកនេះ ការដោះស្រាយកង្វះអគារសិក្សានៅតាមបណ្តាខេត្ត ដែលបានចុះទៅដល់នោះ គឺជារឿងអាទិភាពមួយ ដើម្បីឆ្លើយតបការសិក្សារបស់សិស្ស។
អគារសិក្សា អគារទីចាត់ការ និង អគារស្នាក់នៅរបស់គរុសិស្សសរុប ៩៩ខ្នង ស្មើនិង ១,០៤៩បន្ទប់ហើយ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បានផ្តល់ជូនសិស្សានុសិស្សនៅតាមសាលានានា ដែលសម្តេចបានអញ្ជើញចុះទៅដល់ និង ពិនិត្យដោយផ្ទាល់។ ក្នុងនោះអគារ សិក្សាកម្ពស់ ៣ជាន់ មានចំនួន ២៤ខ្នង ស្មើ ៤៥៦បន្ទប់ អគារសិក្សាកម្ពស់ ២ជាន់ មានចំនួន ៣១ខ្នង ស្មើនិង ៤១៦បន្ទប់។ អគារសិក្សាមួយជាន់ៗមានចំនួន ២ខ្នងស្មើ ៩បន្ទប់ ក្នុងនោះមួយខ្នងជាអគារសិក្សារបស់ពុទ្ធិកៈសិក្សា មាន ៣បន្ទប់។
ទីចាត់ការ និងបណ្ណាល័យចំនួន ៣៦ខ្នង ស្មើនិង ១០៨បន្ទប់ ហើយអគារស្នាក់នៅសម្រាប់គរុសិស្សចំនួន ៦ខ្នង ស្មើនិង ៦០បន្ទប់ (១ខ្នងមានកម្ពស់២ជាន់)។ ក្រៅពីផ្តល់អគារសិក្សាហើយនោះ សម្តេចតេជោ ហ៊ុន សែន បានចាត់ចែងឲ្យមានការចាក់ដីទីធ្លាសាលា ធ្វើរបង ធ្វើខ្លោងទ្វារ ព្រមទាំងចាក់សាបចូលទៅកាន់ អគារសិក្សាផងដែរ ដើម្បីលើកកម្ពស់សោភណភាពនៅតាមសាលារៀន។
ជាការកត់សម្គាល់គ្រប់សាលារៀន ដែលសម្តេចតេជោ បានអញ្ជើញទៅដល់បើទោះបីស្ថិតនៅក្រោមបរិយាកាស ដែលមានកម្តៅក្តៅខ្លាំងយ៉ាងណាក្តី តែគេសង្កេតឃើញមានលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើន បាននៅរង់ចាំទទួលស្វាគមន៍ដំណើរចុះទៅដល់របស់ សម្តេចតេជោ ហ៊ុន សែន ជាមួយសំឡេងស្រែកហ៊ោយ៉ាងកងរំពងបង្ហាញនូវក្តីសប្បាយរីករាយ។ រីករាយ ក៏ដោយសារតែពួកគេបានជួប ដោយផ្ទាល់ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលជារឿងកម្រសម្រាប់ពួកគេ និងមួយទៀតនោះ គឺការទទួលបានអគារសិក្សា។
ទាំងគ្រូៗ និងសិស្សានុសិស្ស បានថ្លែងថា អគារសិក្សានេះ គឺមានសារៈសំខាន់សម្រាប់ការសិក្សារបស់សិស្ស ហើយក៏ជួយជំរុញឲ្យសិស្ស ខិតខំសិក្សាផងដែរ នៅពេលពួកគេទទួលបានអគារសិក្សាថ្មី។
ការប្រឹងប្រែងចុះទៅពិនិត្យដោយផ្ទាល់នូវបញ្ហា ក៏ដូចជាការខ្វះអគារសិក្សារបស់សិស្សនៅតាមទីជនបទ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានគណបក្សប្រឆាំង និងអ្នកវិភាគសង្គមមួយចំនួន បែរជាមើលឃើញថា សកម្មភាពទាំងអស់នេះ គឺជាការធ្វើយុទ្ធនាការ ដើម្បីស្វែង រកសំឡេងឆ្នោត និងប្រជាប្រិយភាពទៅវិញ។
សម្តេចតេជោ ហ៊ុន សែន ក្នុងពេលចុះទៅពិនិត្យអគារសិក្សានៅសាលាគរុកោសល្យភូមិភាគក្នុងខេត្តកំពង់ចាមនាសប្តាហ៍កន្លងទៅនេះ បានប្រតិកម្មខ្លាំងៗទៅនឹងការលើកឡើងនេះ។ សម្តេចតេជោ បានបញ្ជាក់ថា អ្វីដែលសម្តេចកំពុងធ្វើ គឺជាការដោះស្រាយបញ្ហារបស់ជាតិ និងតម្រូវការរបស់សិស្ស។
សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងយ៉ាងដូច្នេះ «ព្រោះឥឡូវហ្នឹងគេថា ខ្ញុំដើរឃោសនាតាមសាលា។ ឥឡូវហ្នឹងផ្តាំទៅអស់លោកផង អស់ លោកកំពុងដើរមូលបង្កាច់រដ្ឋាភិបាល អស់លោកចង់បានសន្លឹកឆ្នោត ខ្ញុំគ្រាន់តែមកធ្វើអំពើល្អមួយជាមួយនិងសិស្ស ជាមួយនិងគ្រូ ជាមួយនិងប្រទេសជាតិ រឿងអីមកថាខ្ញុំដើរឃោសនាអី[...]។ [...] ពួកគាត់និយាយពីការគោរពសិទ្ធិបញ្ចេញមតិ ដល់ទៅមតិណា ដែលគាំទ្រដ្ឋាភិបាល គាត់ថាអាហ្នឹងបំពានលើក្រឹត្យក្រម បំពានលើសាលា ដែលគេថា មិនឲ្យធ្វើនយោបាយ ដល់ពេលពួកគាត់វិញ គាត់ទៅវាយប្រហាររដ្ឋាភិបាល ឬគណបក្សនយោបាយនៅក្នុងសាលា គាត់ថាអាហ្នឹងសិទ្ធិបញ្ចេញមតិ»។
ផ្ទុយពីបក្សប្រឆាំង និងក្រុមអ្នកវិភាគលោកគ្រូ អ្នកគ្រូ និងសិស្ស ដែលទទួលបានអគារសិក្សា បានយល់ឃើញថា ការលើកឡើងរបស់បក្សប្រឆាំង និងក្រុមអ្នកវិភាគ គឺជាការចង់ធ្វើឲ្យរាំងស្ទះដល់កិច្ចប្រឹងប្រែងក្នុងការជំរុញការអប់រំនៅកម្ពុជា។ ទាំងគ្រូ និងសិស្ស បានមើលឃើញថា អ្វីដែលសម្តេចបានធ្វើ គឺបានជួយជំរុញការអប់រំ ដល់កូនចៅប្រជាពលរដ្ឋ ដែលការអប់រំនេះ គឺជាកត្តាដ៏ចំាបាច់សម្រាប់កសាងធនធានក្នុងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើន។
លោក ពៅ លីហ៊ាង នាយកវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យបានថ្លែងថា «ចំពោះបញ្ហានេះនិយាយអ៊ីចេះ គឺមិនត្រឹមត្រូវទេ ធម្មតាក្នុងនាមសម្តេចនាយករដ្ឋមន្រ្តី ត្រូវតែចុះដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ សួរសុខទុក្ខលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដើម្បីចង់ដឹងថា ការលំបាក។ នេះជាការចុះមកមើលសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយមកតាមដានមើលថា តើវិស័យអប់រំហ្នឹងមានការរីកចម្រើន តើអគារសិក្សាហ្នឹងវាសមស្របទៅតាមអ្វី ដែលចង់បានអត់»។
លោកនាយកសាលាបន្ថែមថា «ខ្ញុំចាត់ទុកថា អ្នកដែលថាការចុះមកសួរសុខទុក្ខនេះទៅជាការយកសំឡេងឆ្នោត ឬធ្វើប្រជាភិថុតិអ្វីនោះ គឺមិនមែនទេ ក្នុងនាមជានាយករដ្ឋមន្រ្តីគាត់ត្រូវតែចុះសួរសុខទុក្ខអ៊ីចឹងតែម្តង ឬត្រូវតាមដាននូវអ្វី ដែលអាជ្ញាធរ ដូចជាក្នុងវិស័យអប់រំ ដែលបានធ្វើនាពេលកន្លងមកថា តើបានប៉ុន្មាន ហើយនៅខ្វះខាតអី ឥឡូវគាត់ចុះមកឃើញផ្ទាល់តែម្តង»។
លោក មួន សាម៉ន នាយកអនុវិទ្យាល័យ ហ៊ុន សែន ត្រពាំងព្រៃ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានយល់ឃើញថា «សម្រាប់ខ្ញុំ! ខ្ញុំអត់គិតថា អ៊ីចឹង ខ្ញុំគិតថា អានេះជាប្រយោជន៍ជាតិ ព្រោះសាលារៀនអត់មែនជាប្រយោជន៍របស់អ្នកណាមួយទេ។ គិតថាធ្វើនេះ គឺល្អណាស់ ដើម្បីក្មេងជំនាន់ក្រោយបានរៀន។ នេះជាការទទួលខុសត្រូវរបស់គាត់ (សម្តេចតេជោ ហ៊ុន សែន) ដែលគាត់ជាម៉ែ ជាឪ ដើម្បីសង្គមជាតិទាំងមូលគឺល្អណាស់ សុខចិត្តនឿយហត់ហាលថ្ងៃហាលភ្លៀង ហាលផ្គរ ដើរមកជួបបងប្អូនប្រជាពលរដ្ឋនៅតាមជាយដែនយើងមិនងាយបានជួបសម្តេច»។
លោកបន្តថា «ខ្ញុំមិនដឹងនិយាយថាម៉េច មិនដឹងថា អ្នកដែលនិយាយអ៊ីចឹង មិនដឹងថា គាត់ឲ្យកូនគាត់ទៅរៀនណា គាត់និយាយអ៊ីចឹង? ព្រោះការងារហ្នឹងជារបស់រួម មិនអីពាក់ព័ន្ធនឹងនយោបាយ សាលារៀននីមួយៗកូននរណាក៏រៀនបានបក្សណា ក៏រៀនបាន»។
ប្រទេសកម្ពុជាក្នុងពេលធ្លាក់ចូលក្នុងកលយុគ នៃភ្លើងសង្រ្គាមពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ការអប់រំត្រូវបានអន់ថយជាបន្តបន្ទាប់ ហើយត្រូវបានលុបបំបាត់ ស្ទើរតែទាំងស្រុងនៅក្នុងរបប ប៉ុលពត អគារសិក្សា ដែលជាថ្នាលបណ្តុះធនធានមនុស្សបានក្លាយជាគុកសម្លាប់មនុស្ស និងបំពេញតម្រូវការផ្សេងក្រៅពីការអប់រំ។ ក្នុងរបបអាវខ្មៅ មិនត្រឹមតែធ្វើឲ្យកូនខ្មែរល្ងិតល្ងង់នោះទេ សូម្បីតែអ្នកចេះដឹងរបស់ខ្មែរ ក៏ត្រូវបានគេកាប់សម្លាប់អស់ជាច្រើននាក់ផងដែរ។
នៅក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ការអប់រំនៅកម្ពុជា បានប្រឹងប្រែងរើបម្រាស់ឡើងស្ទើរគ្រប់រូបភាព ដើម្បីបង្កើនធនធាន និងរំដោះប្រជាពលរដ្ឋកម្ពុជាចេញពីភាពអវិជ្ជា។ ដើម្បីបានចំណេះដឹងប្រជាពលរដ្ឋខ្មែរបានប្រឹងប្រែងបង្រៀនគ្នាទៅវិញទៅមកតាមរូបមន្តអ្នក ចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិច បង្រៀនអ្នកដែលមិនចេះ។
ក្នុងនោះចារ្យព្រឹទ្ធាចារ្យតាមទីជនបទខ្លះទៀត បានយកម្លប់ឈើ និងផ្ទះសម្បែងធ្វើជាកន្លែងផ្តល់ការអប់រំដល់កូនខ្មែរ។ ជាបន្តបន្ទាប់ក្រោយពេលប្រទេសជាតិមានការវិវឌ្ឍជាបន្តិចម្តងៗ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងចំណាយ ស្វែងរកសន្តិភាពនៅកម្ពុជា រហូតបញ្ចប់សង្រ្គាមរវាងខ្មែរ និងខ្មែរទាំងស្រុងហើយនោះ ក៏បានប្រឹងប្រែងសាងសង់អគារសិក្សាជាច្រើននៅតាមទីជនបទ ដើម្បីបង្កលក្ខណៈកាន់តែងាយស្រួលដល់ការសិក្សារបស់កូនចៅប្រជាពលរដ្ឋខ្មែរ ដែលជាទំពាំងស្នងឬស្សី៕
សូមស្តាប់ការរបាយការណ៍ព័ត៌មានបន្ថែម ដោយលោក វ៉ាន់ សារាយ៖