(តាកែវ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងលោក អ៊ួច ភា អភិបាលខេត្តតាកែវ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូន ប្រជាពលរដ្ឋភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ខេត្តតាកែវ។
កម្មវិធីនេះផងដែរក៏មានការចូលរួមពីសំណាក់លោក លី ប្រុស ទីប្រឹក្សារាជរដ្ឋាភិបាល លោក ស៊ា ណារ៉េត និងលោក លឹម វុទ្ធី អនុរដ្ឋលេខាការ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក សួន សូផា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្រ្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ អាជ្ញាធរមូលដ្ឋានស្រុកគិរីវង់ និងក្រុមការងារចុះបញ្ជីជាប្រព័ន្ធ ព្រមជាមួយ ប្រជាពលរដ្ឋសរុបអ្នកចូលរួមប្រមាណ ២០០នាក់។
ថ្លែងនៅក្នុងឱកាសនោះ លោក សុខ សូកាន បានលើកឡើងថា ថ្ងៃនេះគឺជាថ្ងៃដ៏មានសារៈសំខាន់ណាស់សម្រាប់លោក យាយ លោកតា អ៊ំ ពូ មីង បងប្អូនប្រជាពល រដ្ឋ ក្នុងនាមជាម្ចាស់អចលនវត្ថុស្របច្បាប់ ដែលត្រូវមកទទួលនូវឯកសារ បញ្ជាក់កម្មសិទ្ធិជាផ្លូវការ និងជាឯកសារមួយបញ្ជាក់ពីភាពត្រឹមត្រូវស្របច្បាប់ និងពិតប្រាកដនៃការកាន់កាប់អចលនវត្ថុ ដែលនិយាយសាមញ្ញសំដៅលើដីធ្លី និងផ្ទះសំបែងរបស់ប្រជាពលរដ្ឋទាំងអស់គ្នា។ លោកបញ្ជាក់ថាការទទួលស្គាល់ កម្មសិទ្ធិឯកជនរបស់ប្រជាពលរដ្ឋ គឺជាមរតកដែលមិនអាចកាត់ថ្លៃបាននៃសន្តិភាព ហើយក៏ជាកត្តាមួយនឹងជួយថែរក្សានូវ និរន្តរភាពសន្តិភាពរបស់កម្ពុជាផងដែរ។
លោកបានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់ការងារជាអាទិភាពទី១ គឺការបន្តដំណើរការកែ ទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធ តុលាការ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្ម ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ក្នុង គោលដៅ គ្រប់គ្រងនិងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវនិង កាន់តែមានប្រសិទ្ធភាព។ ក្រសួងរៀបចំដែនដី នគរូប នីយកម្ម និង សំណង់ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ដែលជា ប្រតិបត្តិករនៃការអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រនានាក្នុងវិស័យដីធ្លី និងនគរូបនីយកម្ម សំណង់ បាន និងកំពុងខិតខំប្រឹងប្រែង ដើម្បី សម្រេចឱ្យបាននូវចក្ខុវិស័យនិងការចង្អុលទិសនៅក្នុងយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១។
លោក សុខ សូកាន បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ កិច្ចខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស និងមន្ត្រីស្ម័គ្រចិត្តគ្រប់ជាន់ថ្នាក់ ដែលបានសហការគ្នាយ៉ាងរលូនចុះបញ្ជីធីធ្លី និងរៀបចំ បណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋ ជារួមសម្រាប់ខេត្តតាកែវគិតត្រឹមថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញបណ្ណបាន ចំនួន ៨០៥,៧២៥ក្បាលដី ក្នុងនោះស្រុកគិរីវង់មានចំនួន ១២ឃុំ ស្មើនឹង ១១៥ភូមិ ដែលមានក្បាលដីប៉ាន់ស្មាន សរុបចំនួន ១៤៧,១២៩ក្បាលដី ចេញបណ្ណបានចំនួន ១០៤,៩២៩បណ្ណ ស្មើនឹង ៧០ភូមិ ហើយបានប្រគល់ដល់ដៃ ប្រជាពលរដ្ជជាដំណាក់ៗចំនួន ១០០,៧១៧ បណ្ណ។ សម្រាប់ថ្ងៃនេះក្រុមការងារបានប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ នៅក្នុងភូមិដើមស្លែង ឃុំកំណប់ ស្រុកគិរីវង់ ចំនួន ៥១៦ក្បាលដី។
លោក សុខ សូកាន បាន សូមពាំនាំនូវប្រសាសន៍ដឹកនាំរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជូនដល់ក្រុមការងារ ថ្នាក់ដឹកនាំកម្រិតខេត្ត ស្រុក ឃុំ ភូមិ សូមបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការល្អ ដែលនៅក្នុងនោះ ក្រសួង មន្ទីរ ការិយាល័យ និងរដ្ឋបាល ខេត្ត ស្រុក ក្រុង ដែលជាអ្នកអនុវត្តច្បាប់ត្រូវរួមគ្នាជារដ្ឋបាលឯកភាព (ថ្នាក់ក្រោមជាតិឯកភាព) ក្រោមការដឹកនាំរបស់អភិបាល និងក្រុមប្រឹក្សា (ដែលក្រុមប្រឹក្សាជាអ្នកពិគ្រោះយោបល់ ជាតំណាងឱ្យប្រជាជន)។
លោកក៏បានស្នើសូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងវិស័យដីធ្លី សូមបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបំពេញបេសកកម្មបម្រើប្រជាពលរដ្ឋ៖ ១. សូមជួយពន្លឿនការងារចុះបញ្ជីដីធ្លីជូន ប្រជាពលរដ្ឋដែលមានកម្មសិទ្ធិស្របច្បាប់ឱ្យបានឆាប់រហ័ស ២. សូមរួមគ្នាពិនិត្យពាក្យបណ្ដឹង និងសិក្សាលម្អិត ដើម្បីដោះស្រាយបញ្ជប់ករណីវិវាទដែលកើតមានឡើង ៣. ការផ្ដល់សេវាសាធារណៈនៅក្នុងវិស័យដីធ្លី នេះបានលឿនបំផុតដែល អាចធ្វើទៅបាន និងអាចដោះស្រាយកង្វល់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ៤. ផ្សព្វផ្សាយ និងផ្ដល់ព័ត៌មានជូន ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ អំពីលិខិតបទដ្ឋានគតិយុត្តនានា នីតិវិធីនៃ ការចុះបញ្ជីដីធ្លី។
លោកក៏សូមផ្ដាំផ្ញើជូនលោកតា លោកយាយ អ៊ំ ពូ មី បងប្អូន ទាំងអស់ ដែលបានទទួលបណ្ណកម្មសិទ្ធិ មុនៗក្តី ថ្ងៃនេះក្តី ៖ សូមរក្សាបណ្ណទុកឱ្យបានល្អ កុំឱ្យរហែក បាត់ សើមប្រលាក់ ឬខូចខាតដោយប្រការ ណាមួយ កុំធ្វេស ប្រហែសយកទៅដាក់បញ្ជាំ ឬចងការក្រៅប្រព័ន្ធ ដែលនឹងអាចបង្ករជាបញ្ហាបាត់បង់ ទៅថ្ងៃក្រោយ និងត្រូវពិនិត្យគ្រប់ ព័ត៌មានដែលនៅលើបណ្ណកុំឱ្យមានការខុស នៅចំណុចណាមួយ៕