(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងលួចលេងល្បែងជល់មាន់មួយកន្លែង នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅចំណុចចំការកៅស៊ូទុកចោល ស្ថិតនៅភូមិថ្មដាប់ ឃុំរំចេក ស្រុក មេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានអ្នកលេងចំនួន០៥នាក់ រួមនឹងវត្ថុតាងមាន់៣ក្បាល (ងាប់) និងសម្ភារមួយចំនួនទៀត។
ចំពោះមនុស្សទាំង៥នាក់ និងវត្ថុតាងខាងលើសមត្ថកិច្ច បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកសាង សំណុំរឿងតាមនីតិវិធី។
ទាំងនេះជាលទ្ធផលបន្ទាប់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការក្តៅបន្តបន្ទាប់ ដោយលោកសង្កត់ធ្ងន់ថា ត្រូវលុបបំបាត់ល្បែងជល់មាន់ និងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងដែនសមត្ថកិច្ចខេត្តត្បូងឃ្មុំឱ្យអស់ ដោយគ្មានការលើកលែងជាដាច់ខាត ទាំងអ្នកប្រព្រឹត្ត និងអ្នកពាក់ព័ន្ធ។
ស្នងការដ្ឋាននគរបាលខេត្ត បានអំពាវនាវប្រជាពលរដ្ឋមេត្តាសហការផ្តល់ព័ត៌មានពាក់ព័ន្ធ ការលួចលេងល្បែងស៊ីសងខុសច្បាប់ ឬការសំណូមពរផ្សេងៗ ដល់សមត្ថកិច្ចតាមលេខទូរសព្ទ ០៧១ ៤៤២២ ៦៦៦ លេខប្រចាំបញ្ជា ២៤/២៤ម៉ោង ឬផេកហ្វេកប៊ុកផ្លូវការ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីកម្លាំងជំនាញបន្តបង្ក្រាប (យើងខ្ញុំសូមរក្សាការសំងាត់ជូន)៕