(ភ្នំពេញ)៖ ក្រសួងបរិស្ថាន សូមធ្វើសេចក្តីប្រកាសព័ត៌មានជូនសាធារណជនទាំងអស់ជ្រាបថាថ្មីៗនេះ មានសារព័ត៌មានមួយចំនួន បានបង្ហោះផ្សាយព័ត៌មានមិនច្បាស់លាស់ រិះគន់ចំណាត់ការរបស់ក្រសួងបរិស្ថាន ជុំវិញបញ្ហាគ្រប់គ្រងសំណល់រឹងប្រកបដោយគ្រោះថ្នាក់ ឬហៅថា «សំណល់រឹងឧស្សាហកម្ម» របស់ក្រុមហ៊ុន លីន វេន ជី សាន់បូ អេនធើប្រាយ (រោងចក្រសាន់បូ) និងអំពីបញ្ហាប៉ះពាល់បរិស្ថាន ដែលកើតចេញពីសកម្មភាពនៃការប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់រឹងឧស្សាហកម្មរបស់ក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក។

ការផ្សាយព័ត៌មានខាងលើនេះ ក្រសួងបរិស្ថាន សូមបញ្ជាក់ជូនថា ពាក់ព័ន្ធនឹងបញ្ហាគ្រប់គ្រង សំណល់រឹងឧស្សាហកម្មរបស់រោងចក្រសាន់បូ ក្រសួងបរិស្ថាន មានចំណាត់ការជាបន្តបន្ទាប់ ក្នុងនោះ មន្ទីរបរិស្ថានខេត្តកណ្តាល បានចុះធ្វើការត្រួតពិនិត្យនៅទីតាំងជាក់ស្ដែង និងបានចាត់វិធានការរដ្ឋបាលភ្លាមៗ ដោយបង្គាប់ឱ្យរោងចក្រសាន់បូ បញ្ឈប់សកម្មភាពល្មើសជាបន្ទាន់ រួមនឹងពិន័យអន្តរការណ៍ជាប្រាក់បន្ថែមទៀតផង ហើយ រោងចក្រសាន់បូ ក៏បានយល់ព្រមបង់ប្រាក់ពិន័យអន្តរការណ៍នេះទៅតាមការកំណត់ផងដែរ។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន បាន និងកំពុងបន្តនីតិវិធីត្រួតពិនិត្យ និងតាមដានលើការអនុវត្ត ប្រមូល ដឹកជញ្ជូន និងទុកដាក់សំណល់រឹងឧស្សាហកម្មនៅទីលានរបស់ក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក។

ក្នុងករណីពិនិត្យឃើញថា ក្រុមហ៊ុន សារុំ ត្រេឌីង ឯ.ក ធ្វើសកម្មភាពប្រព្រឹត្តផ្ទុយនឹងគោលការណ៍បច្ចេកទេស និងបទ ប្បញ្ញត្តិដូចមានចែងក្នុងអនុក្រឹត្យលេខ៣៦ អនក្រ.បក ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៩៩ ស្តីពីការគ្រប់គ្រងសំណល់រឹង ឬមិនអនុលោមនឹងលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម នោះក្រសួងនឹងចាត់វិធានការច្បាប់ភ្លាមៗ។

ការអនុវត្តវិធានការត្រួតពិនិត្យ និងតាមដាននេះ ក៏ត្រូវបានធ្វើដូចគ្នា ចំពោះរាល់សកម្មភាពទីតាំងដែលបញ្ចេញ ឬបង្កើតសំណល់រឹងឧស្សាហកម្ម និងគ្រប់បុគ្គល ឬម្ចាស់អាជីវកម្ម ឬផ្តល់សេវាកម្ម លើការប្រមូល ដឹកញ្ជូន រួមនឹងទីតាំងទុកដាក់សំណល់រឹងឧហ្សាហកម្ម ដោយគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាន សំដៅទប់ស្កាត់ និងកាត់បន្ថយនូវផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពសាធារណៈ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាននេះ សូមសាធារណជន មេត្តាជ្រាប និងចូលរួមសហការផ្ដល់ព័ត៌មានជាបន្ទាន់មកក្រសួងបរិស្ថាន ក្នុងករណីមានការសង្ស័យអំពីសកម្មភាពរបស់បុគ្គល ឬម្ចាស់អាជីវកម្មណាមួយ ដែលអាចបង្កឱ្យមានបញ្ហាការបំពុលបរិស្ថាន ដើម្បីក្រសួងបរិស្ថានអាចធ្វើការចាត់វិធានការបានទាន់ពេលវេលា ស្របតាមយុទ្ធសាស្រ្តចក្រាបរិស្ថាន និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧៕