(ភ្នំពេញ)៖ របាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានកើតឡើងចំនួន ១១លើក (យប់៦លើក) បណ្តាលឲ្យមនុស្សស្លាប់៦នាក់ រងរបួសធ្ងន់៧នាក់ និងរងរបួសស្រាល៥នាក់។
គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៩គ្រឿង រួមមានម៉ូតូចំនួន១៣គ្រឿង រថយន្តធុនតូចចំនួន៤គ្រឿង រថយន្តធុនធំចំនួន១គ្រឿង និងកង់ចំនួន១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, បត់គ្រោះថ្នាក់៣លើក, ស្រវឹង២លើក និងមិនប្រកាន់ស្តាំ១លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១០នាក់។
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន២៦២៤គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន១០៤៤គ្រឿង និងពិន័យសរុបចំនួន១៥៨០គ្រឿង៕