(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការបណ្តុះបណ្តាល ការបញ្ជ្រាបការយល់ដឹង ការបង្កើនឱកាសនៃការចូលរួមបង្កើតឱ្យមានភាពទាក់ទាញកាន់ខ្លាំងដល់មហាជនទូទៅ ជាពិសេសយយុវជន គឺពង្រឹងសេចក្តីគោរព ស្រឡាញ់មកលើវប្បធម៌ទាំងរូបិយ និងអរូបិយរបស់ប្រទេសជាតិ។
ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីភាពអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តម្រូវការនៃការចូលរួមរបស់យុវជន ក្នុងវិស័យសិល្បៈវប្បធម៌ ដើម្បីសេដ្ឋកិច្ចសង្គម និង ការទប់ស្កាត់អំណាចនៃការឆ្លងរាលដាលរបស់វប្បធម៌ដទៃ ដែលអាចប៉ះពាល់ដល់លក្ខណៈដើមនៃវប្បធម៌យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាន៍ថា ពាក្យថា «គោរពស្រឡាញ់វប្បធម៌ជាតិ» ជាពាក្យងាយស្រួលនិយាយ, ប៉ុន្តែដើម្បីឱ្យមានការគោរពស្រឡាញ់ពិតប្រាកដ ជាដំបូងយើងត្រូវមានចំណេះដឹង ឬត្រូវយល់ដឹងឱ្យបានល្អ អំពីសិល្បៈវប្បធម៌ជាតិ និងការចូលរួមគ្រប់រូបភាពដល់ការការពារ និងការលើកស្ទួយវប្បធម៌ជាតិយើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងន័យនេះបណ្តុះបណ្តាល ការបញ្ជ្រាបការយល់ដឹង បង្កើនឱកាសនៃការចូលរួមបង្កើតឱ្យមានភាពទាក់ទាញកាន់ខ្លាំងដល់មហាជនទូទៅ ជាពិសេសយយុវជ ពង្រឹងសេចក្តីគោរព ស្រឡាញ់មកលើវប្បធម៌ទាំងរូបិយ និងអរូបិយរបស់ប្រទេសជាតិ»។
ត្រង់ចំណុចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបបញ្ជក់ថា ប្រជាជនខ្មែរគ្រប់រូបសុទ្ធតែមានសេចក្តីគោរពស្រឡាញ់, ប៉ុន្តែ ការយល់ដឹងមិនគ្រប់ជ្រុងជ្រោយ ងាយនឹង នាំទៅដល់សកម្មភាពនានា ដែលបង្កផលប៉ះពាល់ជាអវិជ្ជមានដល់សិល្បៈវប្បធម៌ជាតិ ដោយមិនដឹងខ្លួន។ ដូច្នេះ, ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ព្រមទាំង បងប្អូនជាសិល្បករ សិល្បការិនី ត្រូវបន្តកិច្ចខិតខំរួមគ្នា បង្កើតឱ្យបាននូវអត្ថបទ រូបភាព ក៏ដូចជាភាពយន្តខ្លីៗ ដែលបង្កប់ដោយ ការអប់រំ និង ភាពទាក់ទាញចំពោះការយល់ដឹងរបស់យុវជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ការបង្កើតឱ្យ មានព្រឹត្តិការណ៍សិល្បៈ វប្បធម៌ ឱ្យកាន់តែច្រើនដូចជា៖ ព្រឹត្តិការណ៍រំឭកគុណអង្គរ, សំណេរ អង្គរ, រាត្រីចងចាំ, រាត្រីសមោសរសម្លៀកបំពាក់សំពត់បត់ខ្មែរ, ការប្រគុំសិល្បៈតន្ត្រីប្រពៃណី និង ព្រឹត្តិការណ៍ផ្សេងៗ នៅតាមទីតាំងប្រវត្តិសាស្ត្រ ជាដើម សុទ្ធតែជាទម្រង់បញ្ជ្រាបការយល់ដឹង និងបង្កើតសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការទន្ទ្រានកាន់កាប់, ការទាមទារយកជាកម្មសិទ្ធិ, ការជួញដូរដីធ្លីដែល ប៉ះពាល់ដល់តំបន់ការពារបុរាណដ្ឋានគ្រប់ប្រភេទ និងការជីកកកាយខុសច្បាប់ សុទ្ធតែជាទង្វើ ដែលប្រាសចាកពីសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការអប់រំ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារឱ្យបាននូវគ្រប់ប្រភេទបេតិកភណ្ឌ ដោយត្រូវជំរុញផងដែរ នូវការកំណត់ព្រំការពារ និងការលើកស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់៕