(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៦ នារាត្រីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្តឱ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាសកាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាល ស្រាវជ្រាវ ចងក្រង និងផ្សព្វផ្សាយវប្បធម៌ជាតិ ជាពិសេសលើការងារសិល្បៈ និងទម្រង់សម្លៀកបំពាក់ប្រពៃណី»។

សម្ដេចបានបន្តថា បច្ចុប្បន្ន មហាជន ជាពិសេសយុវជនវ័យក្មេងកំពុងពេញនិយម និងមានមោទនភាពខ្ពស់ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និងប្រើប្រាស់ខុស។

ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យវប្បធម៌កន្លងទៅនេះ ដើម្បីបន្តការជំរុញការលើកកម្ពស់វិស័យវប្បធម៌ឱ្យកាន់តែប្រសើរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍បន្ថែមដូចខាងក្រោម៖

ទី១៖ ការផលិតនិងការច្នៃប្រឌិតផលិតផលសិល្បៈនៅមានកម្រិតកំណត់ ជាមួយថ្លៃខ្ពស់ដែលមានការ ដែលការណ៍នេះធ្វើផលិតផលពុំមានភាពប្រកួតប្រជែង ដូច្នេះសម្ដេចធិបតីបានស្នើឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈសិក្សាលើវិធានការលើកទឹកចិត្តចាំបាច់នានា ដើម្បីជំរុញការផលិតនិងការច្នៃប្រឌិតផលិផលសិល្បៈឱ្យមានភាពទាក់ទាញ និងភាពប្រកួតប្រជែង។

ទី២៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិនិសោធនកម្មក្របខណ្ឌគតិយុត្តឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ៕

 

<div cla