(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី២៦ ឆ្នាំ២០២៤។

ថ្លែងក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ជាមតិយោបល់ ពាក់ព័ន្ធនឹងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ចំនួន៣ ដូចខាងក្រោម ៖

ទី១៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋាន ជំនាញសិល្បៈ លើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេស ដល់ក្រុមយុវជន ដែលកំពុងផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀងភាពយន្ត វីដេអូ និងស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សា ឲ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែង។

ទី២៖ ជំរុញយុវជន ឲ្យផ្ដោតលើការពង្រឹងគុណភាព ប្រណិតភាព ម៉ាកយីហោផលិតផល ចៀសវាងការលួចចម្លងនូវរាល់ផលិតផលសិល្បៈនានា, ទាំងបុរាណ សម័យ និង ផលិតផលច្នៃ ប្រតិដ្ឋថ្មី ដើម្បីលើកកម្ពស់ការផលិត និងពង្រឹងការទទួលស្គាល់ ទំនុកចិត្ត និង ទីផ្សារ ។

ទី៣៖ សូមលើកទឹកចិត្តឲ្យបង្កើនចំនួនយុវជនជំនាញជំនាន់ក្រោយ ដើម្បីមានឱកាស កាន់តែធំចូលរួមក្នុងការបណ្តុះបណ្តាលស្រាវជ្រាវ ចងក្រង និង ផ្សព្វផ្សាយវប្បធម៌ជាតិ, ជាពិសេសលើការងារសិល្បៈ និង ទម្រង់សម្លៀកបំពាក់ប្រពៃណី។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចុប្បន្ន មហាជន ជាពិសេស យុវជនវ័យក្មេង កំពុងពេញនិយម និង មានមោទនភាពខ្ពស់ ក្នុងការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណី ប៉ុន្តែការយល់ច្បាស់ពីទម្រង់ និងរបៀបរបបប្រើប្រាស់ នៅមានភាពស្រពិចស្រពិល បង្កការភ័ន្តច្រឡំ និង ប្រើប្រាស់ខុស។

សូមជម្រាបថា ទិវាវប្បធម៌ជាតិឆ្នាំនេះ គឺធ្វើឡើងក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីជំរុញការយល់ដឹង ដល់គ្រប់មជ្ឈដ្ឋានទាំងអស់ អំពីភារកិច្ចគ្មានទីបញ្ចប់នៃកិច្ចការអភិរក្សថែរក្សា សិល្បៈវប្បធម៌ជាតិ អំពីកាតព្វកិច្ចដែលត្រូវការជាចាំបាច់នូវយុវជនបន្តវេន។

ទិវាវប្បធម៌ជាតិឆ្នាំនេះ ក៏ជាព្រឹត្តិការណ៍រំឭក និងបង្កើនការប្រុងប្រយ័ត្ន ចំពោះហានិភ័យនៃផលប៉ះពាល់ ក្នុងបរិបទដែលពិភពលោកនិងតំបន់ ពុំមានរនាំងច្បាស់លាស់ផ្នែកវប្បធម៌ និងសិល្បៈ ព្រមទាំងស្ថានភាព នៃការវិវត្តទៅមុខនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ក្នុងសង្គមសេដ្ឋកិច្ចផងដែរ។

ការបង្កើត «ទិវាវប្បធម៌ជាតិ» គឺដើម្បីរម្លឹកដល់ការបូជារបស់បុព្វបុរសយើង ទាំងកម្លាំងកាយ កម្លាំងបញ្ញា និងកម្លាំងចិត្ត ក្នុងការបង្កើតអត្តសញ្ញាណជាតិ វប្បធម៌ដ៏សម្បូរបែប និងមានតម្លៃ ដើម្បីបន្សល់ទុកដល់កូនចៅជំនាន់ក្រោយៗ ឲ្យស្គាល់អ្វីជាអត្តសញ្ញាណរបស់ខ្មែរយើង។

យុវជន ជាកម្លាំងចលករដ៏ខ្លាំង ក្នុងការទ្រទ្រង់វប្បធម៌ជាតិ ឲ្យរីកចម្រើនទៅមុខ ហេតុនេះហើយ បានជារាជរដ្ឋាភិបាល បន្តកំណត់ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដើម្បីប្រារព្ធ «ទិវាវប្បធម៌ជាតិ» លើកទី២៦៕