(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ។

សម្តេចធិបតី ថ្លែងបែបនេះ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤ នៅកោះពេជ្រ។

ការថ្លែងរបស់សម្តេចធិបតី ក៏ស្របពេលនឹងលោក ម៉ៅ ហាជី បានរងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម។ ករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់ទៅតារាចម្រៀង ម៉ៅ ហាជី ត្រូវលុបបទចម្រៀងនេះ និងត្រូវសុំទោសជាសាធារណៈ ហើយក្រសួងក៏បានធ្វើលិខិតព្រមានផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការងារពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញា សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ទប់ស្កាត់ការលួចចម្លងស្នាដៃ ធ្វើវិសោធកម្មក្របខណ្ឌគតិយុត្តិពាក់ព័ន្ធឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងនៃបច្ចេកវិទ្យា និងកិច្ចសហការអន្តរជាតិ ដើម្បីសហប្រតិបត្តិការនានា ទាំងក្នុងនិងក្រៅប្រទេស ដែលទទួលជោគជ័យលើវិស័យឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ ត្រូវបញ្ជូនមន្ត្រី សិល្បករ-សិល្បការិនី និងអ្នកពាក់ព័ន្ធ ទៅសិក្សាដកបទពិសោធន៍ និងសហការជាមួយដៃគូ ដើម្បីរៀបចំជំនាញ។ ជាមួយគ្នានេះ គួរពង្រឹងបន្ថែមនូវកិច្ចស្រាវជ្រាវ បោះពុម្ពផ្សាយ ព្រមទាំងប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ»

ជាមួយគ្នានេះ សម្តេចធិបតី បានបន្តថា ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវបង្កើនកិច្ចសហការដោយផ្ទាល់ជាមួយមជ្ឈដ្ឋាន ជំនាញសិល្បៈលើកទឹកចិត្ត ឧបត្ថម្ភជាជំនួយសម្ភារៈបច្ចេកទេសដល់ក្រុមយុវជនដែលកំពុងផ្តោតលើការស្រាវជ្រាវ និងបង្កើតស្នាដៃថ្មីៗ នៃសិល្បៈទស្សនីយភាព ចម្រៀង ភាពយន្ត វីដេអូ និង ស្នាដៃវប្បធម៌ផ្សេងៗទៀត ដោយត្រូវរក្សាឱ្យបាននូវអត្តសញ្ញាណ ក្រមសីលធម៌វិជ្ជាជីវៈ និង មានលក្ខណៈប្រកួតប្រជែង ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា ការទន្ទ្រានកាន់កាប់, ការទាមទារយកជាកម្មសិទ្ធិ, ការជួញដូរដីធ្លីដែលប៉ះពាល់ដល់តំបន់ការពារបុរាណដ្ឋានគ្រប់ប្រភេទ និងការជីកកកាយខុសច្បាប់ សុទ្ធតែជាទង្វើដែលប្រាសចាកពីសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជាតិ។ ពាក់ព័ន្ធបញ្ហានេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងគ្រប់ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តចាត់វិធានការអប់រំ ទប់ស្កាត់ និងប្រើប្រាស់នីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹងបំផុត ដើម្បីការពារឱ្យបាននូវគ្រប់ប្រភេទបេតិកភណ្ឌ ដោយត្រូវជំរុញផងដែរ នូវការកំណត់ព្រំការពារ និងការលើកស្លាកសញ្ញាសម្គាល់ឱ្យបានច្បាស់លាស់។

សម្តេចធិបតី ក៏បានប្រាប់ទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារ និងបង្ក្រាបរាល់បទល្មើសឱ្យបានទាន់ពេល ប្រកបដោយប្រសិទ្ធភាពនៅតាមទីតាំងតំបន់ប្រាសាទ រមណីយដ្ឋាន ប្រវត្តិសាស្ត្រ វត្តអារាម សំណង់ប្រវត្តិសាស្ត្រ និងសំណង់ ដែលមានអាយុកាលរាប់រយឆ្នាំ នៅតាមមូលដ្ឋាននៅទូទាំងប្រទេស៕