(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យក្រសួងវប្បធម៌សហការរៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរ នៅក្រៅប្រទេស ឱ្យបានទៀងទាត់រៀងរាល់ឆ្នាំ ហើយបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមទូលំទូលាយ។

សម្តេចធិបតិបានលើកឡើងបែបនេះ ក្នុងឱកាសដែល សម្តេចអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាវប្បធម៌ជាតិ៣មីនា» លើកទី ២៦ ឆ្នាំ២០២៤ នារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តកិច្ចសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បំផុសសកម្មភាពគ្រប់ស្ថានទូត និងស្ថានកុងស៊ុលកម្ពុជាប្រចាំនៅបរទេស រៀបចំព្រឹត្តិការណ៍វប្បធម៌ខ្មែរឱ្យបានទៀងទាត់ជារៀងរាល់ឆ្នាំ ដើម្បីផ្សព្វផ្សាយវប្បធម៌ជាតិ ជាមួយនឹងការពង្រឹងនយោបាយវប្បធម៌ការទូត ហើយត្រូវបំផុសឱ្យសហគមន៍ខ្មែរនៅបរទេស ចូលរួមរៀបចំកម្មវិធីទិវាវប្បធម៌ជាតិឱ្យបានអធិកអធម និងទូលំទូលាយ»

នៅក្នុងឱកាសនោះ សម្តេចក៏បានគាំទ្រចំពោះកិច្ចសហការរបស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួងព័ត៌មាន ដែលបានធ្វើឱ្យវិស័យភាពយន្តភាគខ្មែរ បាន និងកំពុងមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកំណត់ម៉ោងមាសសម្រាប់ធ្វើការចាក់ផ្សាយភាពយន្តភាគខ្មែរ ។ ជាមួយគ្នា នេះ សម្តេចបានណែនាំឱ្យអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ត្រូវសហការជួយសម្រួលផ្ដល់ទីតាំងក្នុងដែនដីរបស់ខ្លួន ដើម្បីសម្រួលដំណើរការនៃការថត និង ផលិតខ្សែភាពយន្តខ្មែរផងដែរ៕