(ភ្នំពេញ)៖ ឆ្នាំ២០២៤នេះ ទិវានារីអន្តរជាតិ ៨មីនា ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់តាមសភាពការណ៍ដែលកំពុងវិវត្ត។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត យល់ថា ប្រធានបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ចង់រំលេចពីសក្តានុពល និងភាព ចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីកម្ពុជា ក្រោមម្លប់សន្តិភាពដែលជាផលទទួលបានពីការអនុវត្តដ៏ត្រឹមត្រូវ អស់រយៈកាលជាង ២៥ឆ្នាំ កន្លងមកនៃនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្លៀវឆ្លាត។

ស្ត្រីអ្នកជំនួយល្បីៗ សុទ្ធតែចាត់ទុកប្រធានបទខាងលើ មានសារៈសំខាន់ខ្លាំង ដែលឆ្លើយតបទៅនឹងដំណើរជីវិតរបស់ស្រ្ដី និងក្មេងស្រី នៅក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោក។ អ្នកជំនាញ យល់ថា ស្ត្រីនិងក្មេងស្រី បើមិនចេះប្រើបច្ចេកវិទ្យាទេ ពិតជាពិបាកខ្លាំងក្នុងការធ្វើអាជីវកម្ម ជាពិសេសើរឲ្យទាន់សម័យកាលថ្មីនេះ។

ឧកញ៉ា សូ រ៉ូសលីន អគ្គនាយិកាក្រុមហ៊ុន OVERSEAS FOODS MARKET DI SO ROSELINE E C. (អ៉ីតាលី) បានថ្លែងថា «ចំពោះប្រធានបទនេះ នាងខ្ញុំយល់ថា ពិតជាមានសារៈសំខាន់ខ្លាំងឆ្លើយតបទៅនឹងដំណើរជីវិតរបស់ស្រ្ដី និងក្មេងស្រី នៅក្នុងសង្គមគ្រួសារ សង្គមជាតិ និងពិភពលោក ដែលទាមទារឲ្យស្រ្ដី និងក្មេងស្រី ត្រូវងើបទ្បើងរត់ឲ្យទាន់បច្ចេកវិទ្យាឌីថីថលរបស់ពិភពលោក។ ព្រោះថាបច្ចុប្បន្ន បច្ចេកវិទ្យាឌីជីថល គឺជាបរិបទនៃបដិវត្តប្រវត្ដិសាស្ត្ររបស់ពិភពលោកសម័យទំនើប ដែលមហាអំណាចកំពុងប្រកួតប្រជែងគ្នាដើម្បីក្លាយជាចក្រភពរបស់ពិភពលោក ក្នុងយុគសម័យទំនើបយើងនេះ ដែលចាំបាច់ទាមទារឲ្យស្រ្ដី និងក្មេងស្រី មានសមត្ថភាពយល់ដឹងនូវបច្ចេកវិជ្ជាឌីថីថលជាចម្បង»

តាមរយៈកិច្ចសម្ភាសជាមួយព័ត៌មាន Fresh News ឧកញ៉ា សូ រ៉ូសលីន បានបង្ហាញទស្សនៈដែរថា៖

* ១៖ បដិវត្ដឌីជីថល បាននិងកំពុងបែងចែកមុខមាត់ថ្មីនៃវិសមភាពយេនឌ័រ
* ២៖ ស្រ្ដី និងក្មេងស្រី បើមិនយល់ច្បាស់លាស់ពីបច្ចេកវិទ្យាឌីជីថលទេ ឬក៏រត់មិនទាន់តាមការមកដល់នូវបច្ចេកវិទ្យាឌីជីថលនេះទេ គឺជាវិថីមួយមិនអាចអភិវឌ្ឍខ្លួនបាន ហើយអាចឈានដល់ការបំផ្លិចបំផ្លាញខ្លួនឯងដោយសន្សឹមៗ និងធ្លាក់ក្នុងភាពក្រីក្រ ជាហេតុធ្វើឲ្យមានបញ្ហាប្រឈមថ្មីយ៉ាងជ្រាលជ្រៅ និងធ្វើឲ្យមានវិសមភាពយេនឌ័រកាន់តែធ្ងន់ធ្ងរផងដែរ។

«ហេតុនេះ ដើម្បីសម្រេចបានសមភាពយេនឌ័រ ស្រ្ដី និងក្មេងស្រី ត្រូវផ្សារភ្ជាប់នូវបច្ចេកវិជ្ជាឌីជីថល ស្របតាមទស្សននយោបាយរបស់រាជរដ្ឋាភិបាល ស្ថិតក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ដោតទៅលើនយោបាយបញ្ចកោណ គឺអត្ថិភាពមុំទី៥ ជាមុំឌីថីថល ជាចម្បងបំផុត»។ នេះបើតាមឧកញ៉ា សូ រ៉ូសលីន។

ជាមួយគ្នានេះ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា បានថ្លែងថា ប្រធានបទខាងលើ ពិតជាសំខាន់ណាស់ ដែលរាជរដ្ឋាភិបាល ចង់លើកទឹកចិត្តឲ្យស្ត្រី និងក្មេងស្រី ចូលរួមឲ្យយល់កាន់តែច្បាស់អំពីការប្រើប្រាស់បច្ចេកវិទ្យា ថាតើវាអាចជួយអ្វីខ្លះ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់។

អភិបាល នៃក្រុមហ៊ុន លីលី ហ្វ៊ូដ អ៉ិនដាសទ្រី ខូលអិលធីឌី រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះប្រធានបទខាងលើ ពិតជាសំខាន់ខ្លាំងណាស់ ក្នុងការជំរុញលើកទឹកចិត្ត និងគាំទ្រឱ្យស្ត្រី មិនថាចាស់ ឬក្មេង ឬអ្នកដែលប្រកបអាជីវកម្ម ខ្នាតមីក្រូ តូច និង មធ្យម ដែលមិនចូលចិត្តក្នុងការប្រើបច្ចេកវិទ្យា សូមឱ្យងាកមករកការប្រើប្រាស់បច្ចេកវិទ្យាឱ្យបានកាន់តែធំទូលាយ សូមកុំគិតថា បច្ចេកវិទ្យាស្មុគស្មាញពិបាកយល់ ពិបាករៀន ពិបាកប្រើប្រាស់ ព្រោះនៅពេលបច្ចុប្បន្ននេះ ការធ្វើអ្វីមួយ បើសិនជាយើងមិនចេះប្រើបច្ចេកវិទ្យាទេ យើងពិតជាពិបាកខ្លាំង ក្នុងការអភិវឌ្ឍខ្លួន និង ពិតជាពិបាកសម្រេចបាននូវគោលដៅដែលយើងចង់បាន ហើយយើងក៍ព៨បាក ក្នុងការដើរឲ្យទាន់សម័យកាលផងដែរ "បើយើងមិនដើរទៅមុខ បានន័យថាយើង ដើរថយក្រោយហើយ"»

ជាក់ស្តែង ការចេះប្រើបច្ចេកវិទ្យា បើតាមឧកញ៉ា កែវ មុំ វាពិតជួយបានច្រើន និងចំណេញបានច្រើនមែនទែន រួមមាន៖

* ទីមួយ៖ ចំណេញពេលវេលា
* ទីពីរ៖ ជួយកាត់បន្ថយការចំណាយ ក្នុងការធ្វើដំណើរ ទៅជួបគ្នា ឬទៅធ្វើការអ្វីមួយ
* ទីបី៖ អាចជួយកាត់បន្ថយការបំពុលបរិស្ថានផងដែរ។
* ទីបួន៖ ផលិតភាព និង ប្រសិទ្ធភាពខ្ពស់
*ទីប្រាំ៖ ទទួលបានពត៌មានទាន់ហេតុការណ៍ និង ចំណេញអ្វីៗជាច្រើន.....។ល។

បន្ថែមលើនេះ កញ្ញា ទូច សុជាតិតា គឺជានាយិកានៃ Woomentum ប្រចាំតំបន់អាស៉ីអាគ្នេយ៍ (កម្ពុជា មីយ៉ាន់ម៉ា ម៉ាឡេស៉ី ឥណ្ឌូនេស៉ី) បានថ្លែងថា តាមរយៈបទពិសោធន៍កញ្ញាផ្ទាល់ ដែលសកម្មក្នុងការលើកស្ទួយភាពជាសហគ្រិនស្ត្រី ក្នុងសេដ្ឋកិច្ចឌីជីថល មើលឃើញថា ចំនួនស្ត្រីដែលគាត់មានចំណេះដឹងផ្នែកឌីជីថល នៅមានចំនួនតិចតួចនៅឡើយ។ កញ្ញាបន្តថា បើនិយាយពីការប្រើឧបករណ៍បច្ចេកវិទ្យាមួយចំនួនទៀត ក៏មើលឃើញថា ស្ត្រី និងក្មេងស្រី មានការប្រើប្រាស់តិចដូចគ្នា។

ទោះជាយ៉ាងនេះក្តី នាយិការង CamChin Lawfirm រូបនេះ បានមើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា អង្គការមិនមែនរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ដែលបានប្រឹងប្រែងលើកស្ទួយស្ត្រី និងក្មេងស្រ្តីយ៉ាងខ្លាំង ជាពិសេសបានជួយលើវិស័យស្ទែមនៃប្រព័ន្ធអប់រំដល់ពួកគេ ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យា នាពេលខាងមុខ។

កញ្ញា ទូច សុជាតិតា បានបញ្ជាក់ថា «ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ក៏ដូចជាវិស័យ​ឯកជន ដែលបានធ្វើការរួមគ្នា ជាពិសេសនៅក្នុងវិស័យឌីជីថល និងការអប់រំ សូមលើកទឹកចិត្តបន្តការងារនេះបន្ថែមទៀត។ ខ្ញុំក៏សូមអរគុណដល់បុរស និងក្មេងប្រុស ដែលគាំទ្រសកម្មភាព ជាពិសេសវិស័យស្ទែម ដែលធ្វើឲ្យស្រ្តី និងក្មេងស្រីប្រើប្រាស់ទៅមុខបាន»

ចំណែកឯ ឧកញ៉ា សូ រ៉ូសលីន បានអំពាវនាវដល់ស្ត្រីខ្មែរ និងក្មេងស្រីទាំងក្នុងនិងក្រៅប្រទេស រួមគ្នាបន្តរៀនសូត្រ និងអភិវឌ្ឍចំណេះដឹងបន្ថែមលើបច្ចេកវិទ្យាឌីជីថលសម័យទំនើបនេះ ដើម្បីជាកម្លាំងចលកររបស់គ្រួសារ និងសង្គមជាតិដោយប្រកាន់ខ្ជាប់នូវប្រពៃណីដ៏ល្អផូផង់របស់ខ្មែរយើង ដែលមានតាំងពីបុរាណរៀងមក។

ស្របពេលជាមួយគ្នានេះ ឧកញ៉ា កែវ មុំ បានលើកឡើងថា ស្ត្រីគឺជាមាតានៃពិភពលោក។ នៅក្នុងទិវានារីអន្តរជាតិ ឧកញ៉ា កែវ មុំ បានធ្វើការលើកទឹកចិត្តដល់បងប្អូនទាំងបុរសទាំងស្ត្រី មានការចូលរួម គាំទ្រ ជួយជំរុញ លើកទឹកចិត្ត ផ្ដល់ទំនុកចិត្តក៏ដូចជាផ្ដល់ឱកាស ឱ្យគ្នាក្នុងការបញ្ចេញនូវសមត្ថភាពរៀងៗខ្លួន ក៏ដើម្បីបំពេញឲ្យគ្នា ពីព្រោះថា មនុស្សម្នាក់ៗមិនអាចធ្វើអ្វីបានសព្វគ្រប់បែបយ៉ាងឡើយ គឺត្រូវការការបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីសម្រេចឱ្យបានតាមគោលដៅ និងបង្ហាញពីមហិច្ឆតារបស់ខ្លួន ជាផ្នែកមិនអាចខ្វះបាននៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ៕