(កំពត)៖ អភិបាលខេត្តកំពតលោក ម៉ៅ ធនិន បានប្រាប់ពលរដ្ឋ និងអាជ្ញាធរត្រូវរួមគ្នាថែរក្សាឲ្យបានគង់វង្សនូវធនធានធម្មជាតិ សម្បត្តិវប្បធម៌ កេរមរតកដូនតាដែលបានបន្សល់ឲ្យ ជាក់ស្តែងវត្តសំពៅ៥ សំណង់អគារ និងប្រាសាទមួយចំនួននៅលើភ្នំបូកគោ គឺមានអាយុកាលជាង១០០ឆ្នាំ ហើយទិដ្ឋភាព និងកេរដំណែលដ៏មហាសាល មានតម្លៃខ្លាំងណាស់ សម្រាប់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។

ថ្លែងក្នុងពិធីបុណ្យសម្ភោធកាត់ខ្សែបូរឆ្លងសមិទ្ធផលនានា ក្នុងវត្តសំពៅប្រាំ លើភ្នំបូកគោ ស្ថិតក្នុងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ដែលបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

អភិបាលខេត្ត បានលើកឡើងទៀតថា ឧទ្យានជាតិព្រះមុនីវង្សបូកគោ គឺជាតំបន់រមណីយដ្ឋានដ៏ទាក់ទាញ និងមានឈ្មោះល្បីរន្ទឺដល់ក្រៅប្រទេស ដោយសារអ្នកជំនាញបានបញ្ជាក់ថា បរិយាកាស និងខ្យល់នៅលើភ្នំបូកគោ អាចព្យាបាលជំងឺស្ត្រេស្ត និងជំងឺជាច្រើនទៀត ម្យ៉ាងភ្នំនេះបានបន្សល់ទុកប្រាសាទ ព្រះវិហារ វត្តអារាមដែលតឹកតាងប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ។

លោកអភិបាលខេត្ត ក៏បានលើកឡើងថា កម្ពុជាជ្រកក្រោមម្លប់សន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន យកជីវិតទៅប្តូរ និងក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសមានការ អភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែក សម្រាប់ខេត្តកំពត សមិទ្ធផលជាច្រើនត្រូវបានផ្តល់ជូនដល់ប្រជាពលរដ្ឋប្រើប្រាស់ មានដូចជាផ្លូវថ្នល់ ស្ពាន សាលារៀន មន្ត្រីពេទ្យ ឆ្នេរខ្សាច់កម្សាន្តជាដើម។

ចំពោះឧទ្យានជាតិព្រះមុនីវង្សបូកគោ ឬភ្នំបូកគោ បច្ចុប្បន្នជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយរបស់ខេត្តកំពត នៅទីនោះ ទេសចរជាតិ និងអន្តរជាតិ អាចទស្សនាទេសភាពដ៏ស្រស់ស្អាត និងនិងទេសភាពដ៏កម្រជាច្រើន ដូចជានៅតំបន់ពពកវិល វត្តសំពៅប្រាំ កាស៊ីណូចាស់ ព្រះវិហារកាត់តូលិក រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ពពកវិល បឹងនៅលើភ្នំ វាលស្រែ១០០  វាលស្រែ៥០០រយ សួនផ្កាក្រឡោម រូងល្អាង រូបសំណាក់លោកយាយម៉ៅ និងប្រាសាទដំណាក់ស្លាខ្មៅជាដើម៕