(រតនគិរី)៖ ប្រជាកសិករខេត្តរតនគិរី បានចាប់ផ្តើមប្រមូលផលស្វាយចន្ទីពី២៥-៣០ភាគរយ ខណៈទិន្នផលមានការថយចុះ រីឯតម្លៃក៏ធ្លាក់ចុះជាងឆ្នាំមុន។ ពួកគាត់មានការព្រួយបារម្ភពីកាខាតបង់។
ជាក់ស្តែងនៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្រុមឈ្មួញកណ្តាលបោះតង់ប្រមូលទិញចូលស្វាយចន្ទីពូជតម្លៃ ៤,១០០រៀល ក្នុង១គីឡូក្រាម, ស្វាយចន្ទីចម្រុះ ៣,៧០០រៀល ក្នុង១គីឡូក្រាម បើធៀបនឹងឆ្នាំមុន (២០២៣) តម្លៃប្រមូលផលដើមដៃស្វាយចន្ទីពូជ៥,៧០០-៦,០០០រៀល, ស្វាយចន្ទីចម្រុះ ៤,៧០០-៥,០០០រៀលឯណោះ។
ម្ចាស់ចំការម្នាក់ នៅស្រុកវ៉ើនសៃលោក អឿន នី រៀបរាប់ថា ចំការចន្ទីឆ្នាំនេះ គាត់ប្រមូលផលដើមដៃ មានការថយចុះខ្លាំង ហើយការខាតបង់ច្រើន គឺផ្កាស្វាយចន្ទីមានការក្រៀមស្វិតតែម្តង។
លោកបន្តថា ចំការស្វាយចន្ទីរបស់គាត់ប្រមាណ២០ហិកតា ហើយការចំណាយពលកម្ម និងថ្នាំប្រើប្រាស់ផ្សេងៗអស់លុយច្រើនតែទទួលទិន្នផលបានតិចជាងបណ្តាឆ្នាំមុនៗ។
ប្រជាកសិកររូបនេះ បញ្ជាក់ថា ទិន្នផលថយចុះ ហើយឈ្មួញក្រឡុកតម្លៃស្រេចចិត្តពោលគឺធ្លាក់រាល់ថ្ងៃ។ បើសិនមានភ្លៀងធ្លាក់កក់ខែ គ្រួសារគាត់ និងប្រជាកសិករដាំចន្ទីដទៃទៀតធ្លាក់ថ្លៃទៀត ហើយការខាតបង់ខ្ពស់។
ទាក់ទិនទៅនឹងករណីខាងលើនេះលោក សែម សារឿន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ថា ទូទាំងខេត្តរតនគិរី មានផ្ទៃដីដាំស្វាយចន្ទីសរុបចំនួន៦៥,៦៩៥ហិកតា, ផ្ទៃដីប្រមូលផល៥២,៥៥០ហិកតា, រហូតមកដល់ពេលនេះ (ខែមីនា) ប្រជាកសិករប្រមូលផលស្វាយចន្ទីបានចំនួន២៥-៣០ភាគរយហើយ៕