(បន្ទាយមានជ័យ)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, លោក អ៊ុំ រាត្រី អភិបាលខេត្ត បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធររាជធានី-ខេត្ត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

តាមរយៈបទបញ្ជានេះប្រធានបទ ល្បែងស៊ីសងតាមអនឡាញ គ្រឿងញៀន និងក្មេងទំនើង ត្រូវបានយកមកដោះស្រាយជាបន្ទាន់នៅក្នុងកិច្ចប្រជុំក្រោមវត្តមានលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី ព្រមទាំងមានាករចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីពាក់ព័ន្ធនៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។

លោក អ៊ុំ រាត្រី បានថ្លែងថា ល្បែងស៊ីសងគ្រប់ប្រភេទជិត១០០ទីតាំង ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានបង្ក្រាប តែបើម្ចាស់ល្បែងនៅតែបើកលេងបន្តទៀត សមត្ថកិច្ចត្រូវចុះបង្ក្រាបភ្លាម និងបញ្ជូនទៅតុលាការតាមនីតិវិធី។

ចំណែកក្មេងទំនើងដែលចូលចិត្តបង្កអុកឡុកនៅតាមសហគមន៍ ពិសេសក្មេងនំនើងដែលចូលចិត្តផឹកស៊ីស្រែកឡូឡាពេលយប់ រំខានផ្ទះអ្នកជិតខាង ត្រូវចាប់យកមកអប់រំ តែបើអប់រំមិនស្តាប់ត្រូវឃាត់ខ្លួនបញ្ជូនទៅតុលាការ៕