(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់២នាក់ប្តីប្រពន្ធជនជាតិកូរ៉េ ក្រោយការចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញជាមួយថ្នាំញៀនជាង២គីឡូក្រាម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានបង្ក្រាបករណីគ្រឿងញៀន នៅចំណុចស្ថានីយ៍អ្នកដំណើរចេញ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិកូរ៉េ ចំនួន០២នាក់ រកឃើញសារធាតុញៀនប្រភេទ មេតំហ្វេតាមីន ទម្ងន់១.២៩០,២៩ក្រាម និងប្រភេទកេតាមីន ទម្ងន់ ៩៨៧,៤២ក្រាម។ ក្រោយបញ្ចប់ប្រតិបត្តិការនេះ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យខាងលើ មកកាន់អយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ។ ចំណែកឯបក្ខពួក ដែលពាក់ព័ន្ឋនឹងករណីជួញដូរគ្រឿងញៀននេះ សមត្ថកិច្ចបាននឹងកំពុង ស្រាវជ្រាវបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការស្របតាមនីតិវិធីច្បាប់។

ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើ ជនសង្ស័យជនជាតិកូរ៉េទាំង០២នាក់ខាងលើ និងបក្ខពួក ពីបទ «ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និង ផ្តើមគំនិតក្នុងបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន» ជាបទល្មើសព្រហ្មទណ្ឌ និងត្រូវផ្តន្ទាទោសតាម បញ្ញត្តិមាត្រា៤០ និង៤៨ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា២៨ នៃក្រមព្រហ្មទណ្ឌ៕