(ភ្នំពេញ)៖ អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៊ីណា ឃួងស្រេង ចំនួន៥លានរៀល បាននាំយកទៅប្រគល់ជូនក្មេងស្រី អាយុ១៣ឆ្នាំម្នាក់ ដែលបានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រើនម៉ោង នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោកកាលពីយប់មិញ ខណៈដែលនាងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។
អំណោយនេះត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចាត់ឲ្យតំណាងរបស់លោក នាំយកប្រគល់ជូននាល្ងាចថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យគន្ធបុប្ផា ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អាណាព្យាបាលក្មេងស្រីរងគ្រោះ បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសនៅពេលដែលពលរដ្ឋជួបទុក្ខលំបាក គឺសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិតតែងជួយឧបត្ថមជានិច្ច។
សូមជម្រាបថា នៅល្ងាចថ្ងៃទី០៦ ខែមីនាម្សិលមិញ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ បានធ្លាក់ពីលើផ្ទះចូលប្រហោងជញ្ជាំងផ្ទះជាប់អស់ជាច្រើនម៉ោង ពោលគឺនៅម៉ោងជិត១០យប់ថ្ងៃដដែល ទើបត្រូវបានក្រុមសង្គ្រោះគ្រោះ មហន្តរាយ៧១១ របស់កងពលតូចលេខ៧០ ជួយសង្គ្រោះបានហើយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដែរ ដើម្បីសង្គ្រោះជីវិត៕