(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី «នីតិវិធីចំណាយ និងចលនាឥណទានថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង ជូនក្រសួង-ស្ថាប័នចំនួន ១០ បន្ថែម» ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រមាណ ២៥០ រូប។
កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីការអនុវត្តនីតិវិធីគ្រប់មុខសញ្ញាចំណាយថវិកាចរន្ត បូករួមទាំង នីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និងចលនាឥណទាន ថវិកាចរន្ត តាមប្រព័ន្ធ FMIS ទាំងស្រុង ជូនដល់ អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ និង មិនពេញលេញថ្នាក់កណ្តាល ដែលទទួលបានការប្រគល់សិទ្ធិ ពីអាណាប័កដើមខ្សែ លើការអនុវត្តនីតិវិធីចំណាយគ្រប់មុខសញ្ញា និង ចលនាឥណទានថវិកា នៃក្រសួង-ស្ថាប័នចំនួន ១០ រួមមាន៖ ១.ក្រសួងអប់រំ យុវជន និង កីឡា ២.ក្រសួងមុខងារសាធារណៈ ៣.ក្រសួងព្រះបរមរាជវាំង ៤. ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង នវានុវត្តន៍ ៥.ក្រសួងផែនការ ៦.ក្រសួងសាធារណការ និង ដឹកជញ្ជូន ៧.អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ៨.អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ៩.អគ្គលេខាធិការដ្ឋានរដ្ឋសភា និង ១០.អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងអគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលនឹងត្រូវអនុវត្តនៅក្នុងឆ្នាំ ២០២៤។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា ស្របតាម «ផែនការយុទ្ធសាស្រ្តតម្រង់ទិសនីតិវិធីអនុវត្តការងារតាម FMIS ទាំងស្រុង ឆ្នាំ ២០២០-២០២៥» ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដាក់ឲ្យអនុវត្តការងារតាមប្រព័ន្ធ FMIS លើនីតិវិធីចំណាយលើការបើកផ្តល់បៀវត្ស និង ចំណាយលើបន្ទុកបុគ្គលិកផ្សេងៗ ដែលមានគោលរបបកំណត់ច្បាស់លាស់ និងនីតិវិធីចំណាយទូទាត់ត្រង់ ដែលមានហានិភ័យកម្រិតទាប នៅក្រសួង-ស្ថាប័នចំនួន ៣៤ ព្រមទាំងនីតិវិធីអនុវត្តចំណាយចរន្ត និង នីតិវិធីបង្កើត ឬ កែសម្រួលរជ្ជទេយ្យបុរេប្រទាន និង ចលនាឥណទានថវិកាចរន្ត តាមប្រព័ន្ធ FMIS ទាំងស្រុងនៅក្រសួង-ស្ថាប័នចំនួន ៨ ដើម្បីសម្រួលដល់ការធ្វើប្រតិបត្តិការ ដែលបានអនុវត្តនៅក្រៅប្រព័ន្ធ និង មាននីតិវិធីស្មុគស្មាញជាមួយនឹងការប្រើប្រាស់ឯកសារក្រដាស។
ទន្ទឹមនេះ, ការដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តចំណាយ និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ត្រូវបានចាត់ទុកជាសកម្មភាពអាទិភាពមួយ ក្នុងការកែទម្រង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈរបស់កម្ពុជា និង បានបន្តរៀបចំពង្រីកវិសាលភាពអនុវត្តទៅកាន់ក្រសួង-ស្ថាប័នចំនួន ១០ បន្ថែម ស្របតាម «ផែនការពង្រីកអនុវត្តគម្រោង FMIS ជំហានទី៣ ឆ្នាំ ២០២១-២០២៥” និង “ផែនការសកម្មភាពរួមដំណាក់កាលទី៤ (CAP4) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣-២០២៧»។
លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការអនុវត្តនីតិវិធីថ្មីនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន ១៖ ជួយសម្រួលឲ្យជំហាននៃការអនុវត្តមានលក្ខណៈសាមញ្ញ ខ្លី និង លឿន, ២៖ ផ្តល់ព័ត៌មានគ្រប់គ្រាន់ក្នុងការតាមដានអំពីស្ថានភាពនៃប្រតិបត្តិការចំណាយថវិកា និង ៣៖ បញ្ឈប់ការរៀបចំនូវឯកសារ ដូចជា កំណត់បង្ហាញរឿង, លិខិតស្នើសុំធានាចំណាយមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដីកាបញ្ជូន និង ដីកាអមលិខិតយុត្តិការ ជាដើម។ ដូច្នេះ មិនមានការបញ្ជូនឯកសារពីដំណាក់កាលមួយ ទៅដំណាក់កាលមួយទៀតនោះទេ ដោយសារឯកសារ និងលិខិតយុត្តិការដែលចាំបាច់មួយចំនួន ត្រូវបានស្គែនចូលក្នុងប្រព័ន្ធ FMIS ។ ជារួម, ការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង ជួយដោះស្រាយនូវនីតិវិធីអនុវត្តការងារដែលមានភាពស្មុគស្មាញ, អាចគ្រប់គ្រងទិន្នន័យ និង ព័ត៌មានបានច្បាស់លាស់, និង ចំណេញពេល។
លោកបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា គោលដៅសំខាន់បំផុតនៃគម្រោង FMIS គឺដើម្បីធានាឲ្យបាននូវ គណនេយ្យភាព តម្លាភាព និង ប្រសិទ្ធភាព ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការអនុវត្តនីតិវិធីការងារដែលមានលក្ខណៈស្ដង់ដាច្បាស់លាស់ និង ការប្រើប្រាស់បច្ចេកវិទ្យាទំនើប ចាប់តាំងពីការរៀបចំផែនការថវិកា រហូតដល់ការទូទាត់ សំដៅអនុវត្តថវិកាឱ្យចំទិសដៅ ពោលគឺផ្សារភ្ជាប់គោលនយោបាយរបស់ក្រសួង-ស្ថាប័ន និង គោលនយោបាយរបស់រាជរដ្ឋាភិបាល និង ការអនុវត្តថវិកាឱ្យទទួលបាននូវសមិទ្ធកម្មពិតប្រាកដ ក្នុងគោលដៅលើកកម្ពស់គុណភាព និង ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ៕