(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានបង្ហាញក្ដីសង្ឃឹមជឿជាក់ថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នឹងកាន់តែមានភាពរឹងមាំដើម្បីរួមចំណែកកៀរគរ យុវជនជាសិស្ស-និស្សិត ចូលរួមបំពេញបេសកកម្មដើម្បីបុព្វជាតិមាតុភូមិ ជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ លើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី បានឯកភាពចំពោះសំណើបញ្ចូលសាកលវិទ្យាធិការ និងនាយកវិទ្យាស្ថាន ដែលមានបំណងចូលជាសមាជិកគណៈកម្មាធិការកណ្ដាល ស.ស.យ.ក។

សន្និបាតរបស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានប្រព្រឹត្តដោយមានការធ្វើរបាយការណ៍ស្វាគមន៍ស្ដីពីលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របាយការណ៍លទ្ធផលនៃការអនុវត្តផែនការ សកម្មភាព ឆ្នាំ២០២៣ និងមានការធ្វើបទបង្ហាញលើប្រធានបទចំនួន៤រួមមាន៖

*ទី១៖ តួនាទីរបស់យុវជនក្នុងការថែរក្សាសន្តិភាពនៅក្នុងសង្គមកម្ពុជា
*ទី២៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
*ទី៣៖ យុវជន និងការអភិវឌ្ឍបច្ចេកវិទ្យាក្នុងវិស័យអប់រំតាមលំនាំគន្លងថ្មីនៃយុគសម័យឌីជីថល
*ទី៤៖ យុវជន និងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមនាពេលបច្ចុប្បន្ន។ 

ក្នុងឱកាសបើកសន្និបាត អភិសន្តិបណ្ឌិត ស សុខា បានកត់សម្គាល់អំពីសមិទ្ធផលការងារក្នុងឆ្នាំ២០២៣ របស់ ក.យ.គ. ដូចជាការបញ្ចូលសិស្ស-និស្សិតជាសមាជិក ស.ស.យ.ក. ការចែករំលែកបទពិសោធន៍ចំណេះដឹង និងការសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត ការបំផុសស្មារតី និងជំរុញលើកទឹកចិត្ត សិស្ស-និស្សិតឱ្យចូលរួមក្នុងព្រឹត្តិការណ៍សង្គមជាតិសំខាន់ៗ ដូចជា៖ ព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ាន-ប៉ារ៉ាហ្គេម ការរៀបចំសង្ក្រាន្តឆ្នាំថ្មី ការបំផុសកម្មភាពស្រឡាញ់ និងថែរក្សាសិល្បៈ វប្បធម៌ និងប្រពៃណីជាតិ ការផ្សព្វផ្សាយអំពីតម្លៃសន្តិភាព និងវឌ្ឍនភាពជាតិ និងការណែនាំតម្រង់ទិសយុវជនឱ្យចៀសឆ្ងាយពីអំពើអបាយមុខក្នុងសង្គម។ 

អង្គសន្និបាតក៏បានបង្ហាញនូវអំណរសាទរប្រកបដោយក្ដីមោទនៈ ចំពោះលោក ហ៊ុន ម៉ានី ដែលត្រូវបានរដ្ឋសភាបោះឆ្នោតគាំទ្រ និងត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផងដែរ។

លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណអង្គសន្និបាត និងបានបង្ហាញការកត់សម្គាល់ថា បន្ទាប់ពីត្រូវបានបង្កើតឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ក.យ.គ. បានដើរតួនាទីជាសេនាធិការយ៉ាងសំខាន់និងសកម្ម របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងការជំរុញនិងលើកទឹកចិត្តយុវជនជាសិស្ស-និស្សិតឱ្យទទួលបានឱកាសកសាងបទពិសោធន៍ក្នុងការងារសង្គមជាតិ។

ប្រធាន ស.ស.យ.ក. ក៏បានផ្ដល់បានអនុសាសន៍ឱ្យ ក.យ.គ. បន្តចូលរួមផ្សព្វផ្សាយនិងអនុវត្តសេចក្ដីសម្រេចរបស់មហាសន្និបាត ស.ស.យ.ក ឱ្យអស់ពីលទ្ធភាពនិងភាពជាក់ស្ដែង ជំរុញសមាជិកឱ្យសិក្សា និងស្វែងយល់ពីលក្ខន្តិកៈ និងបុព្វហេតុ ស.ស.យ.ក. ខិតខំប្រឹងប្រែងអនុវត្តផែនការយុទ្ធសាស្រ្តរបស់ខ្លួនឱ្យអស់ពីលទ្ធភាព ដើម្បីឆ្លើយតបនឹងផែនការយុទ្ធសាស្ត្រ យុវជនដើម្បីបុព្វហេតុជាតិមាតុភូមិ បន្តកៀរគរនិងបញ្ចូលសមាជិកឱ្យបានសមមូលទាំងបរិមាណ និងគុណភាព៕