(ស្វីស)៖ លោកបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រី Ann-Sofie NILSSON ឯកអគ្គរដ្ឋទូតសម្រាប់ការរំសាយអាវុធ និងការមិនរីកសាយភាយ នៃក្រសួងការបរទេសស៊ុយអែត ដើម្បីរកគាំទ្រពីប្រទេសស៊ុយអែតលើដំណើរការរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន។
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស៊ុយអែត សម្រាប់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា នាពេលកន្លងមក ក្នុងនោះរួមមាន៖
*ការបោសសម្អាតមីន
*ការអប់រំយល់ដឹងអំពីមីន
*កិច្ចខិតខំប្រឹងប្រែងជួយជនរងគ្រោះ ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខសុវត្ថិភាព និងសុខុមាលភាពរបស់សហគមន៍រងផលប៉ះពាល់ដោយគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ទន្ទឹមនឹងនោះលោកបណ្ឌិត បានស្នើសុំឱ្យប្រទេសស៊ុយអែត បន្តការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការចែករំលែកការអនុវត្ត និងការតស៊ូមតិសម្រាប់ការចូលរួមជាអន្តរជាតិ នៅពេលដែលកម្ពុជាដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្សឆ្នាំ២០២៤ ដើម្បីពង្រឹងដំណើររួមគ្នាឆ្ពោះទៅកាន់ពិភពលោកដែលគ្មានមីន៕