(ភ្នំពេញ)៖ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាចាត់ទុកភ្ញៀវទេសចរចិន បានដើរតួនាទីសំខាន់សម្រាប់បង្កើត ចំណូលជូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ខណៈដែលឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានកំណត់ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងជាជនកម្ពុជាចិន។

ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានវិទ្យុមិត្តភាពកម្ពុជាចិន កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកវិភាគសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសន៍ថា ប្រជាជនចិនតែងតែរំពឹងចង់មកលេងប្រទេសកម្ពុជា ដូច្នេះ ជាចំណុចសំខាន់មួយរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើន។

ឯកឧត្តមបណ្ឌិតបញ្ជាក់ថា សម្រាប់វិស័យទេសចរណ៍ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសក្នុងតំបន់អាស៊ី ជាពិសេសប្រទេសកម្ពុជា មិនអាចរំពឹងលើភ្ញៀវមកពីតំបន់អ៊ឺរ៉ុប និងមជ្ឈិមបូព៌ាទេ គឺមានតែភ្ញៀវទេសចរចិនប៉ុណ្ណោះ ដែលអាចមកកម្ពុជាច្រើន។ ឯកឧត្តមបណ្ឌិតនិយាយថា៖ «កន្លងមកយើងឃើញថា ភាគច្រើនមានតែទេសចរអ៊ឺរ៉ុបទេ ដែលមកលេងតំបន់អាស៊ី ប៉ុន្តែបច្ចុប្បន្ននេះ អ៊ឺរ៉ុបគឺខ្ទិចខ្ទាំសេដ្ឋកិច្ចហើយ ទីមួយអតិផរណានៅអ៊ឺរ៉ុបខ្ពស់ ទីពីរសង្គ្រាមនៅរុស្ស៊ីអ៊ុយក្រែនអូសបន្លាយ ទីបីសង្គ្រាមនៅមជ្ឈិមបូព៌ា។ អ៊ីចឹងការពឹងទទួល ភ្ញៀវទេសចរអ៊ឺរ៉ុប គឺមិនទាន់ទទួលបានទេ។ ដូច្នេះមានតែទេសចរចិនទេ ព្រោះប្រទេសចិនមានប្រជាជនច្រើន ហើយការលើកទឹកចិត្តឱ្យប្រជាជនចិនមកលេងកម្ពុជាកាន់តែច្រើន ជាឱកាសមួយដែរសម្រាប់បង្កើនចំណូលវិស័យទេសចរណ៍ផង ភ្ជាប់ទំនាក់ទំនង និងធ្វើឱ្យប្រជាជននិងប្រជាជនស្គាល់គ្នាផង»។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជា ធ្លាប់មានប្រសាសន៍ប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា លំហូរភ្ញៀវទេសចរចិនមកកម្ពុជានេះ នឹងផ្តល់ចំណេញដល់កម្ពុជា ព្រោះភ្ញៀវចិនមានលទ្ធភាពចំណាយច្រើនជាងគេប្រទេសដទៃ ដែលអាចស្រូបយកចំណូលតូចធំ ចាក់ទៅក្នុងសេដ្ឋកិច្ចជាតិ។ មិនតែប៉ុណ្ណោះ ក៏អាចពាំនាំនូវគម្រោងវិនិយោគមកជាមួយផងដែរ ដោយសារតែកម្ពុជា នៅមានកន្លែង និងឱកាសជាច្រើនសម្រាប់ការវិនិយោគ។

លោកស្រីបាននិយាយថា៖ «ទេសចរចិនដើរតួនាទីសំខាន់ ក្នុងការជំរុញធ្វើឱ្យមានកំណើនភ្ញៀវទេសចរឱ្យមកកម្ពុជា ក៏ដូចជាធ្វើឱ្យមាន កំណើនសេដ្ឋកិច្ចជាតិ។ ដូច្នេះ សម្រាប់កម្ពុជា យើងគួរតែត្រៀមខ្លួនតាមជំនាញ ដែលយើងមានការរំពឹងខ្ពស់ថា នឹងមានភ្ញៀវទេសចរចិនមកកម្ពុជា កាន់តែច្រើននៅឆ្នាំ២០២៤នេះ»។ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្រោមកិច្ចសហការ រវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានទូតសាធារណរដ្ឋចិនប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ បានរៀបចំព្រឹត្តិការណ៍ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤» ដើម្បីចូលរួមលើកកម្ពស់ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន និងត្រៀមស្វាគមន៍ភ្ញៀវទេសចរចិន មកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។

យោងតាមរបាយការណ៍របស់ ក្រសួងទេសចរណ៍ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥.៤ លាននាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ ២០២២។ ក្នុងនោះដែរភ្ញៀវទេសចរចិន ឈរនៅលំដាប់ទី៣ ដែលមានប្រមាណ ៥៤៧,៧៩៨នាក់។ សរុបសេចក្តីមកភ្ញៀវទេសចរចិន ពិតជាបានចូលរួមចំណែក ក្នុងការជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា, បង្កើនចំណូលដោយប្រយោល និងដោយផ្ទាល់រាប់លានដុល្លារ បង្កើតការងារជួនប្រជាជនកម្ពុជារាប់លាននាក់។ ឆ្នាំនេះគឺជា ឆ្នាំនៃការផ្លាស់ប្ដូររវាង ប្រជាជននិងប្រជាជនចិន-កម្ពុជា ដូច្នេះកម្ពុជា រំពឹងថា នឹងទទួលបានភ្ញៀវទេសចរចិន កាន់តែច្រើនថែមទៀត៕

អត្ថបទដោយវិទ្យុមិត្តភាពកម្ពុជាចិន