(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានស្នើដល់អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ចូលរួមលើកកម្ពស់ការផ្សព្វផ្សាយសារនានាទាក់ទងការប្រយុទ្ធប្រឆាំងការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន «សូមឆ្លើយថាទេ ចំពោះគ្រឿងញៀន, សូមកុំប៉ះពាល់ថ្នាំញៀនគ្រប់ប្រភេទ» គ្រឿងញៀនបានជះឥទ្ធិពលអាក្រក់ជាច្រើនដល់សង្គមជាតិ ដូច្នេះស្ថាប័នផ្សព្វផ្សាយ និងប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នាទប់ស្កាត់ និងផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត។

ការស្នើដល់ប្រពន្ធ័ផ្សព្វផ្សាយបន្តផ្សាយពីសារសំខាន់ៗ ទាក់ទងបញ្ហាគ្រឿងញៀននេះ ធ្វើឡើងក្នុងឱកាសលោក នេត្រ ភក្ត្រា អញ្ជើញទទួលអំណោយដំណាប់ផ្លែល្មើ ចំនួន១តោនកន្លះ ពីលោក ស្លះ ណាសុី ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន។

លោករដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា បញ្ហាគ្រឿងញៀនជាក្តីកង្វល់របស់រាជរដ្ឋាភិបាល វាមិនត្រឹមតែបង្កបញ្ហាដល់សុវត្ថិភាពសង្គម និងសេដ្ឋកិច្ចប៉ុណ្ណោះទេ លើសពីនេះបានបណ្តាលឲ្យមានបញ្ហាសុខភាព សាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលសកលលោកកំពុងយកចិត្តទុកដាក់លើកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ដូច្នេះកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដែលមានតួនាទី និងភារកិច្ចដឹកនាំ បញ្ជា និងចាត់តាំងអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ដែលមានគណៈកម្មការទទួលបន្ទុកចំនួន៥ ក្នុងការអនុវត្តការងារ។

លោក នេត្រ ភក្ត្រា ដែលជាប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ នៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ បានស្នើដល់អង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា ជួយផ្សព្វផ្សាយតាមគ្រប់រូបភាពទាំងលក្ខណៈទូទៅ និងផ្សព្វផ្សាយតាមបែបសាសនា ដើម្បីបញ្ជាបដល់សហគមបងប្អូនខ្មែរ ឥស្លាមបានយល់ ហើយចូលរួមទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន យល់ពីផលប៉ះពាល់ដោយសារគ្រឿងញៀន។

នៅក្នុងឱកាសទទួលអំណោយដំណាប់ផ្លែល្មើ ពីអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជានេះដែរ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានគួសបញ្ជាក់ថា គ្រប់សាសនានៅកម្ពុជា ទទួលសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មាការរើសអើង ពិសេសសហគមន៍ឥស្លាម។

អំណោយដំណាប់ផ្លែល្មើ ដែលទទួលបានពីអង្គការមជ្ឈមណ្ឌលព័ត៌មានមូស្លីមកម្ពុជា នាឱកាសនេះ លោករដ្ឋមន្រ្តី នឹងធ្វើការបែងចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន ដោយក្នុងមួយអគ្គនាយកដ្ឋានចំនួន១០០គីឡូក្រាម App ក្រសួងព័ត៌មាន និងជូនដល់ក្រុមការងាររាជរដ្ឋាភិបាលចុះតាម ស្រុក ក្រុង ក្នុងខេត្តក្រចេះ៕