(ភ្នំពេញ)៖ លោក រ៉ូហ្វី អូស្មាន អនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) អញ្ជើញចែកកញ្ចប់អាហារខែរ៉ាម៉ាឌន របស់អង្គការហាសាណះ (Hasene) សហការជាមួយ CMDF ចំនួន៥០០គ្រួសារ ដោយក្នុងនោះ ខេត្តកំពង់ឆ្នាំង ២០០ និងខេត្តពោធិ៍សាត់ ៣០០គ្រួសារ។

ថ្លែងក្នុងពិធីនាសប្ដាហ៍កន្លងទៅនេះ លោក រ៉ូហ្វី អូស្មាន បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូនដល់បងប្អូនជាទីនឹករលឹកបំផុត។

លោកបានបន្ដថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឲ្យប្រទេសកម្ពុជា បញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជាទាំងមូល ហើយសូមអរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមក ហើយក៏បានជ្រើសតាំងបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំធ្វើឲ្យប្រទេសកម្ពុជា មានការរីកចម្រើនតទៅមុខទៀត ហើយមានតែគណបក្សប្រជាជនតែមួយប៉ុណ្ណោះ បានថែរក្សាសន្តិភាពជូនដល់បងប្អូនជនរួមជាតិទាំងអស់។

នៅក្នុងថ្ងៃដដែលលោក រ៉ូហ្វី អូស្មាន បានដឹកនាំគណៈប្រតិភូ បន្តដំណើរទៅសាកសួរសុខទុក្ខ និងចែកអំណោយខែរ៉ាម៉ាឌនរបស់អង្គការ ហាសាណះ (Hasene) ដែលស្ថិតនៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ចំនួន៣០០គ្រួសារ។

លោកបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាបានធ្វើឲ្យមានសុខដុមនីយកម្មសាសនា មានសិទ្ធិគោរពប្រតិបត្តិសាសនា ក៏ដូចជាមានការចូលរួមការអភិវឌ្ឍជាតិ និងសហគមន៍ផងដែរ។ ដូច្នេះក្នុងនាមខ្មែរឥស្លាម ក៏ដូចជាខ្មែរទូទាំងប្រទេស ត្រូវដឹងគុណដល់ថ្នាក់ដឹកនាំ ដែលលោកខំប្រឹងទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងជីវិត និងប្រាជ្ញា ដើម្បីឲ្យប្រទេសជាតិមួយនេះ មានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ។

លោក រ៉ូហ្វី អូស្មាន បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់រាជរដ្ឋាភិបាល ដែលបានអនុញ្ញាតឲ្យម្ចាស់ជំនួយនានាជុំវិញពិភពលោកបាននាំយកអំណោយចែកជូនខ្មែរឥស្លាម នៅក្នុងខែបួសរ៉ាម៉ាឌននៅពេលខាងមុខ ដូច្នេះហើយក្នុងនាមប្រជាពលរដ្ឋត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕