(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹង និងការសម្អាតទីក្រុងដើម្បីចូលរួមអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍» នៅសួនមាត់ស្ទឹងសែនថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ដែលពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ។

លោក ជា វ៉ាន់ចាន់ បានលើកឡើងថា «ទីក្រុងស្អាតត្រូវផ្ដើមចេញពីយើងទាំងអស់គ្នា»។ លោកបន្តថា «ក្រុងស្ទឹងសែនរបស់យើងទទួលបានចំណាត់ថ្នាក់រំដួល២ទង ដែលជាក្រុងមួយទទួលបានការកោតសរសើរជាទីក្រុងស្អាត និងមានបរិស្ថានល្អ ក៏ប៉ុន្តែទីក្រុងដែលស្អាតល្អជាងនេះ គឺជាចំណាត់ថ្នាក់រំដួល៣ទង ដែលយើងទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងដើម្បីប្រែក្លាយទៅជាក្រុងគំរូ»

លោកបញ្ជាក់ថា យើងមានទីលានចាក់សំរាមនៅភូមិត្រពាំងឬស្សីឃុំត្រពាំងឬស្សី ដែលជាកន្លែងទុកដាក់សំរាមលក្ខណៈស្តង់ដា ដូចនេះរាល់សំរាមទាំងអស់ ត្រូវយកទៅរក្សាទុកនៅទីលាននោះដែលមានផ្ទៃដីជាង២០ហិកតា ហើយទីកន្លែងចោលសំរាមដទៃទៀត ត្រូវបានហាមឃាត់ ហើយក្រុងស្ទឹងសែនយើងទទួលបានហិរញ្ញប្បទានពី ADB ១០លានដុល្លារ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ទោះបីជាវាមិនទាន់បានគ្រប់ជ្រុងជ្រោយក៏ដោយ ក៏ប្រព័ន្ធនេះបានជួយដល់ការរលំហូរទឹកកខ្វក់ចេញពីក្រុងបានមួយភាគធំផងដែរ។

លោកបញ្ជាក់បន្ថែមថា ពីមុនយើងមើលផ្លវ យើងមើលភ្លើង ឥឡូវនេះយើងមើលទៅលើសំរាមដែលជាបញ្ហាចាំបាច់បំផុតដែលទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធ ភូមិឃុំមានវិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការថែរក្សា និងទុកដាក់សំរាម ប្រកបដោយសុវត្ថិភាព ពិសេសគឺនៅតាមសាលារៀនដែលតម្រូវឲ្យទីកន្លែងសិក្សានោះត្រូវតែស្អាតជាប្រចាំនេះត្រូវតែទាមទារវិធានការច្បាស់លាស់ពីរគណៈគ្រប់គ្រងសាលា និងការចូលរួមយ៉ាងសកម្មពីសិស្សានុសិស្ស។

លោកបានសង្កត់ធ្ងន់ថា មានតែការចូលរួមទាំងអស់គ្នាទេ ទើបធ្វើឲ្យក្រុងស្ទឹងសែនរបស់យើងក្លាយទៅជាទីក្រុងស្អាតទទួលបានចំណាត់ថ្នាក់ល្អ ព្រមទាំងទទួលបានការវាយតម្លៃខ្ពស់នឹងក្លាយទៅជាក្រុងគំរូទៀតផង។

លោក ជា វ៉ាន់ចាន់ បានសំណូមពរមន្ទីរស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែចូលរួមសំអាតទីក្រុងទៅតាមមុខព្រួញដែលរដ្ឋបាលក្រុងបានដាក់ផែនការជូន ហើយត្រូវនិយាយថាទីក្រុង និងភាពស្អាត៕