(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងឲ្យបន្តជួយជំរុញការកសាង និងអភិវឌ្ឍន៍ សមត្ថភាពស្ត្រី ក៏ដូចជាផ្តល់ឱកាសឲ្យស្ត្រីចូលរួមបញ្ចេញសមត្ថភាពគ្រប់ការងារ គ្រប់វិស័យ និងអំពាវនាវឲ្យបន្តចូលរួមគាំទ្រ និងចូលរួមឲ្យបានពេញលេញក្នុងបរិវត្តកម្មឌីជីថល ក្នុងការបើកសក្តានុពលរបស់ស្ត្រី និងក្មេងស្រី។
ការថ្លែងរបស់លោក គីម រិទ្ធី ក្នុងឱកាសដែលលោក និងលោកស្រី សុខា គងពិសី ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរ អង្គភាព ជុំវិញខេត្ត បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨មីនា ឆ្នាំ២០២៤ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤។
លោក គីម រិទ្ធី បានលើកឡើងថា ការរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនានាពេលនេះ គឺក្នុងគោលបំណងរំលេចពីសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថល ប្រកបដោយប្រសិទ្ធិភាព និងសុវត្ថិភាព។ នៅក្នុងបរិបទនៃការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តដឹកនាំប្រទេសជាតិស្របតាមមាគ៌ាមរតកនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន បន្តថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សុវត្ថិភាពសង្គម និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈគ្រប់វិស័យ។
លោកអភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ និងគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល២០២២-២០៣៥ ដែលក្នុងនោះ ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តីបង្កើនចំនួនស្ត្រី ក្នុងជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងជំរុញលើកទឹកចិត្តដល់យុវជន យុវនារី ដើម្បីឈានទៅកាត់បន្ថយគម្លាតយេនឌ័រ ពាក់ព័ន្ធជំនាញឌីជីថល។
លោកថា ការលើកកម្បស់តួនាទីរបស់ស្ត្រី និងក្មេងស្រី នៅក្នុងបរិវត្តកម្មឌីជីថល ពិតជាចាំបាច់ និងមានសារៈសំខាន់ នៅក្នុងការពន្លឿនកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមប្រកបដោយបរិយាប័ន្ន នៅពេលដែលស្ត្រី និងក្មេងស្រីមានចំណេះដឹង និងសមត្ថភាពផ្នែកឌីជីថល អាចធ្វើឲ្យពួកគេបានចូលរួមយ៉ាងសកម្ម និងប្រកបដោយសុវត្ថិភាពនៅក្នុងសង្គមឌីជីថល។
លោក គីម រិទ្ធី បានផ្តល់នូវអនុសាសន៍ និងក្រើនរំលឹកនូវការងារចាំបាច់មួយចំនួនរួមមាន៖
* បន្តជំរុញសកម្មភាព នៃការបញ្ជា្របយេនឌ័រ និងពង្រឹងភាពអង់អាចដល់ស្ត្រី
* ស្ត្រីខ្លួនឯងត្រូវបន្តពង្រឹងសមត្ថភាព និងបង្កើនភាពអ់អាច ដើម្បីទទួលបានជោគជ័យឆ្ពោះទៅលើកកម្ពស់សមត្ថភាពយេនឌ័រ
* បន្តជំរុញសកម្មភាពរបស់គណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ
* បន្តជំរុញការកសាង និងអភិវឌ្ឍន៍សមត្ថភាពស្ត្រី ក៏ដូចជាផ្តល់ឱកាសឲ្យស្ត្រីចូលរួមបញ្ចេញសមត្ថភាពគ្រប់ការងារ គ្រប់វិស័យ
* បន្តលើកកម្ពស់គំនិតឆ្នៃប្រឌិត និងនវានុវត្ត រួមចំណែកក្នុងការកសាងភាពធនរបស់សង្គម៕