(ភ្នំពេញ)៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់អ្នកបើកបរម៉ូតូម្នាក់ ឈ្មោះ អាត ឆៃលិ ពីបទ «បើកបរបង្កឲ្យស្លាប់អ្នកដទៃ»។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤។
កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២៖៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចំណុចផ្លូវលេខ ១២៨ កែងផ្លូវលេខ ២២១ ស្ថិតនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ រវាងម៉ូតូមួយគ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1JV-8829 បើកបរដោយឈ្មោះ អាត ឆៃលិ ភេទប្រុស អាយុ២៣ឆ្នាំ ជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក HONDA CUB ពណ៌ខៀវ ផ្លាកលេខ កណ្តាល 1K-9841 បើកបរដោយឈ្មោះ លន ឆេងគីម ភេទប្រុស អាយុ២៥ឆ្នាំ។ ហេតុការណ៍នេះ បានបណ្តាលឲ្យឈ្មោះ លន ឆេងគីម ដែលជាអ្នកបើកបរម៉ូតូម៉ាក HONDA CUB ស្លាប់បាត់បង់ជីវិត ពេលបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
តាមគំនូសវាស់វែងករណីគ្រោះថ្នាក់ចរាចរណ៍ និងរបាយការណ៍របស់មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺមកពីអ្នកបើកបរម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ បើកបរមិនគោរពផ្លាកសញ្ញាឈប់។
ក្រោយពីបានសាកសួរ និងពិនិត្យផ្ទៀតផ្ទាត់លើកស្តុតាងនានា ដែលមាននៅក្នុងសំណុំរឿង តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ អាត ឆៃលី ពីបទ បើកបរបង្កឲ្យស្លាប់អ្នកដទៃ តាមមាត្រា ៨៥ នៃច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿងនេះទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕