(ភ្នំពេញ)៖ លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ​ បានថ្លែងថា ក្រុមប្រឹក្សាធម្មនុញ្ញ រហូតមកដល់បច្ចុប្បន្ននេះ មានមន្ត្រីរាជការជានារីចំនួន ៣៣រូប ស្មើនឹង ៣៦.៣% នៃចំនួនមន្ត្រីរាជការសរុប។ លោកបន្តថា នៅក្នុងនោះ មន្ត្រីរាជការជានារីចំនួន ២២រូប ស្មើនឹង៦៦.៦៧% នៃមន្ត្រីរាជការសរុបជានារី កាន់តួនាទី និងមានតំណែង ចាប់ពីប្រធានផ្នែករហូតដល់ថ្នាក់អគ្គនាយក។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨ មីនា ខួបលើកទី១១៣។

នៅពេលដែលក្រុមប្រឹក្សាធម្មនុញ្ញទើបតែចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ១៩៩៨ ចំនួនមន្ត្រីរាជការជានារី ដែលបម្រើការងារនៅ អគ្គលេខាធិការដ្ឋាន មានចំនួនតែ ៥រូបប៉ុណ្ណោះ (ស្មើនឹង១៥.១៥%) ក្នុងចំណោមចំនួនមន្ត្រីរាជការសរុបចំនួន ៣៣រូប។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានថ្លែងទៀតថា ការធានាសិទ្ធិរបស់ស្ត្រី និងកុមារីក្នុងគ្រប់ទិដ្ឋភាព គឺជាមធ្យោបាយតែមួយគត់ ក្នុងការកសាងសេដ្ឋកិច្ចប្រកបដោយយុត្តិធម៌ និងវិបុលភាព ព្រមទាំងថែរក្សាភពផែនដី សម្រាប់មនុស្សជំនាន់ក្រោយ។

ឆ្នាំ២០២៤នេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់តាមសភាពការណ៍ដែលកំពុងវិវត្ត។

បើតាមលោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម មូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ចង់រំលេចពីសក្តានុពល និងភាព ចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រីនិងក្មេងស្រីកម្ពុជា ក្រោមម្លប់សន្តិភាពដែលជាផលទទួលបានពីការអនុវត្តដ៏ត្រឹមត្រូវ អស់រយៈកាលជាង២៥ឆ្នាំ កន្លងមកនៃនយោបាយឈ្នះឈ្នះ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករដ៏ឆ្លៀវឆ្លាត។ ស្ថានភាពអំណោយផលពី សុខសន្តិភាព បានពន្លឿននាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើន និងការទទួល ស្គាល់លើមុខ លើសិទ្ធិលើឆាកអន្តរជាតិ។

លោកបន្តថា នៅក្នុងនោះដែរ ស្ត្រីកម្ពុជាក៏ទទួលបានផល ពីការអនុវត្តរបស់រាជរដ្ឋាភិបាល នូវកម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រនិងការពារសិទ្ធិ ស្ត្រីកាន់តែទូលំទូលាយជាលំដាប់។ ជាក់ស្តែង មុនវិបត្តិកូវីដ១៩ យោងតាមរបាយការណ៍ របស់វេទិកាសេដ្ឋកិច្ចពិភពលោកលើគម្លាតយេនឌ័រ ដែលផ្អែកលើសូចនាករក្នុងវិស័យ ចំនួន៤ គឺ សេដ្ឋកិច្ច អប់រំ សុខភាព និងតួនាទីស្ត្រីនៅក្នុងវិស័យនយោបាយ បានបង្ហាញថា កម្ពុជាសម្រេចបាននូវវឌ្ឍនភាពកាត់បន្ថយគម្លាតយេនឌ័រ ពីលេខរៀង១១២ ក្នុងចំណោម១៤៤ប្រទេស ក្នុងឆ្នាំ២០១៦ មកលំដាប់លេខ៨៩ ក្នុងចំណោម ១៥៣ប្រទេស នៅឆ្នាំ២០២០។

លោកកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានឲ្យដឹងទៀតថា បច្ចុប្បន្ននេះ ចំនួនស្ត្រីកំពុងកាន់តំណែងសំខាន់ៗក្នុងជួរនយោបាយ និង មុខងារសាធារណៈ រួម រួមមាន ប្រធានរដ្ឋសភា ១រូប តំណាងរាស្ត្រ ១៧រូប (ក្នុងនោះជាប្រធានគណៈកម្មការជំនាញរដ្ឋសភា ២រូប) អគ្គទេសាភិបាលធនាគារជាតិ ១រូប អគ្គសវនករ ជាតិ ១រូប រដ្ឋមន្ត្រីក្រសួង ៣រូប អភិបាលខេត្ត ២រូប អភិបាលស្រុក ខណ្ឌ ១៦រូប មេឃុំ ចៅសង្កាត់ ១៧៦រូប និងមន្ត្រីរាជការ ៤២% (កាន់តំណែងមានសិទ្ធិសម្រេចចិត្ត ២៧%)។ ក្រៅពីនេះ ស្ត្រីកម្ពុជាចំនួន ៨០១រូប (ក្នុងចំណោម៩.៤៦៥រូប នៃកងទ័ពមួកខៀវ) កំពុងមានវត្តមានយ៉ាងសកម្មក្នុងក្របខណ្ឌនៃអង្គការសហប្រជាជាតិ៕