(បាងកក)៖ យោងតាមព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ បានឲ្យដឹងថា វីរ៉ុស Zika បានធ្វើការរាតត្បាត០២ ករណីបន្ថែមទៀត នៅខេត្តឈៀងម៉ៃ ភាគខាងជើង ប្រទេសថៃ ខណៈដែលកម្ពុជាមិនទាន់មាន ប៉ុន្តែស្ថិតក្នុងភាពប្រុងប្រយ័ត្នខ្ពស់។
ចៅហ្វាយខេត្ត ឈៀងម៉ៃ លោក Pawin Chamniprasart បានធ្វើសេចក្តីរាយការណ៍ថា មានស្រ្តី០២នាក់ អាយុ១៨ឆ្នាំ និងម្នាក់ទៀត អាយុ៧៤ឆ្នាំ មកពីស្រុក សាន សៃ ត្រូវបានគេរកឃើញថា មានផ្ទុកវីរ៉ុស Zika បន្ទាប់ពីគេមានអាការៈគ្រុនក្តៅខ្លាំង។
ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលការពារជំងឺឆ្លង របស់ថៃបាននិយាយថា មានមនុស្ស ៩៧នាក់ បានផ្ទុកវីរ៉ុស Zika នៅក្នុងប្រទេសថៃ នា៦ខែដំបូង នៃឆ្នាំ២០១៦នេះ ដែលនៅក្នុងនោះបណ្តាលឲ្យមានមនុស្សស្លាប់ចំនួន ៣នាក់។
ឆ្លើយតបនឹងការរីករាលដាល វីរុស Zika នៅតំបន់អាស៊ីនេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ការទប់ស្កាត់នឹងការពារ ជំងឺហ្ស៊ីកា (Zika) គឺវាដូចនឹងការពារជំងឺគ្រុនឈាមដែរ ដោយការការពារកុំឲ្យមូលខាំ តាមរយៈការកំចាត់វត្ថុដក់ទឹក ដែលជាជំរកនៃការកកើតសត្វមូល។ ខ្ញុំសូមជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ប្រជាជននៅក្នុងសហគមន៍ ក្នុងការកំចាត់ជំរកដង្កូវទឹក ដែលនាំឲ្យមានមូសបង្កជំងឺ ស្លៀកពាក់ខោជើងវែង និងអាវដៃវែង និងសម្រាកក្នុងមុង។ ពេលមានជំងឺដែលមានរោគសញ្ញាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅមណ្ឌសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត»។
សូមជំរាបថា រោគសញ្ញា នៃវីរ៉ុសនេះ ភាគច្រើនបណ្តាលឲ្យមានអាការៈគ្រុនក្តៅខ្លាំង ស្បែកឡើងកន្ទួលក្រហម ឈឺក្បាល ឈឺសាច់ដុំ ព្រមទាំងបណ្តាលឲ្យឈឺសន្លាក់ ដោយអាការៈទាំងនេះ ឲ្យបណ្តាលឲ្យអ្នកជំងឺមានសភាពខ្សោយខ្លាំង រហូតដល់បាត់បង់ជីវិត ប្រសិនបើយកពួកគេទៅព្យាបាល មិនទាន់ពេលវេលា៕