(ឡាវ)៖ តបតាមការអញ្ជើញរបស់លោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឆ្នាំ២០២៤ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន លើកទី៣០ នៅទីក្រុងហ្លួងប្រាបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី០៨ ដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤។
កិច្ចប្រជុំចង្អៀតនេះ នឹងផ្លាស់ប្តូរទស្សនៈលើសមិទ្ធផលអាទិភាពសេដ្ឋកិច្ចដែលរំពឹងថា នឹងអាចសម្រេចបាន នៅក្រោមការធ្វើជាប្រធានអាស៊ានរបស់ឡាវ និងអាទិភាពផ្នែកសេដ្ឋកិច្ចគន្លឹះ ដែលអាចទៅរួចមួយចំនួនសម្រាប់ការបង្កើតផែនការយុទ្ធសាស្ត្រសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែលជាផ្នែកមួយដ៏សំខាន់ នៃចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសឡាវ លោកអគ្គលេខាធិការអាស៊ាន ក៏នឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយបណ្តារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ឆ្នាំ២០២៤ ផងដែរ៕