(សៀមរាប)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ខួបទី១១៣ ក្រោមមូលបទ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដោយមានការអញ្ជើញចូលរួមពីលោក ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានសៀមរាប អង្គរ នៃរដ្ឋលេខាធិការអាកាសចរស៊ីវិលនាយទាហានកងទ័ពជើងអាកាស អាជ្ញាធរដែនដីស្រុកសូទ្រនិគម សមាគមនារីខេត្តសៀមរាប និងនារី សរុបចំនួនប្រមាណ៤៧០នាក់ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំស្រុកសូទ្រនិគម ខេត្តសៀមរាប។

ថ្លែងក្នុងឱកាសនោះ លោកបានលើកឡើងថា ប្រធានបទឆ្នាំនេះ គឺជាគោលបំណងបង្ហាញឲ្យយើងទាំងអស់គ្នាបានដឹងពីសមត្ថភាព និងគុណតម្លៃពិតប្រាកដរបស់ស្រ្តី និងក្មេងស្រី ហើយទទួលបាននៅក្នុងសម័យឌីជីថលនេះ ការប្រឈមរបស់ស្ត្រី និងក្មេងស្រីគឺមានជាច្រើនពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធឌីជីថល ការបៀតបៀនតាមរូបភាពផ្សេងៗជាដើម ដែលទាំងនេះធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសស្ត្រីជាច្រើនដោយសារគ្នាមិនសូវមានការយល់ដឹង ដូច្នេះហើយទើបធ្វើឲ្យពួកគេធ្លាក់ចូលទៅក្នុងការចាញ់បោកគេ។

លោកបានរំលឹកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ (អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា) និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពដើម្បីសុខភាពស្រ្តី និងកុមារ និងផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើសុខភាពរបស់មាតា ទារក និងកុមារ។

ក្នុងឱកាសដ៏វិសេសវិសាល នាយឧត្តមសេនីយ៍ សូមសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកលើកកម្ពស់សិទ្ធិនារី និងកុមារយ៉ាងសំខាន់ ក្នុងការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន ការយកចិត្ត ទុកដាក់លើទុរគតជន-ក្មេងកំព្រា និងការប្រយុទ្ធនឹងជំងឺកូវីដ១៩ ព្រមទាំងសកម្មភាពមនុស្សធម៌ជាច្រើនទៀតក្នុងនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាវិរៈនារីមនុស្សធម៌ជាឥស្សរជនឆ្នើម នៃភាពជាអ្នកដឹកនាំស្រី្តខ្មែរបន្តវេនពីសម័អង្គរដ៏រុងរឿង។

លោក សឹង សំណាង បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តីទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរួមបញ្ចូលការងាររបស់ស្ត្រី ជាការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិហើយបានផ្តល់ឱកាស និងលើកទឹកចិត្តឲ្យស្រ្តីមានតួនាទី និងមុខដំណែងជាអ្នកគ្រប់គ្រង និងដឹកនាំចាប់តាំងពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ដឹកនាំ កំពូល ជាក់ស្តែង យើងមានសមាសភាពជានារីនៅក្នុងជួរថ្នាក់ដឹកនាំចាប់ពី ឃុំ សង្កាត់ ស្រុក ខណ្ឌ រាជធានី ខេត្ត ក្រសួងស្ថាប័នជាងនេះទៅទៀត ក្នុងជួររាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភា។

ភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ជាយុគសម័យធានាបាននូវសិទ្ធសេរីភាពនារី និងក្មេងស្រី ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ប្រឈមនឹងការគម្រាមកំហែងពីបុរស និងអំពើរំលោភបំពានផ្សេងៗទៀត។ ក្នុងនោះនារី ត្រូវចេះប្រើប្រាស់សិទ្ធិរបស់ខ្លួនឲ្យបានត្រឹមត្រូវក្នុងសម័យឌីជីថល មិនត្រូវជឿលើការញុះញង់ បោកប្រាស់តាមរយៈការអូសទាញពីបណ្តាញព័ត៌មានសង្គម ដែលគ្មានជំនាញវិជ្ជាជីវៈរបស់ពួកអគតិ។

នាយឧត្តមសេនីយ៍ សឹង សំណាង សូមសម្ដែងការកោតសរសើរចំពោះស្ត្រីក្នុងស្រុកសូទ្រនិគម ដែលបានអប់រំថែទាំកូនចៅ ក្រុមគ្រួសារ រក្សានិងលើកកំពស់ប្រពៃណីថ្លៃថ្នូរ របស់ស្ត្រីខ្មែរពង្រឹងវប្បធម៌សន្តិភាព របស់ស្ត្រីឲ្យបានគង់វង្ស។ នាយឧត្តមសេនីយ៍បានផ្ដល់ជូនវត្ថុអនុស្សាវរីយ៍ និងថវិកាជូននារីដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ក្នុងស្រុកសូទ្រនិគមក្រោមបរិយាកាសសប្បាយរីករាយ៕