(ភ្នំពេញ)៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជាប្រធានអាជ្ញាធរទន្លេសាប នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវានារីអន្តរជាតិ ៨មីនា ខួបទី១១៣ ឆ្នាំ២០២៤ ក្រោមមូលបទ៖ «ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល»។
លោករដ្ឋមន្ត្រី លើកឡើងថា ទិវាអន្តរជាតិ ៨មីនា គឺជាព្រឹត្តិការណ៍ជាសកល ដែលបានប្រកាសជាទិវារបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិស្ត្រី និងសន្តិភាពពិភពលោកនាឆ្នាំ១៩៧៧។ ព្រះរាជាណាចក្រកម្ពុជា បានរៀបចំយុទ្ធនាការទិវានារីអន្តរជាតិ ៨មីនា ជារៀងរាល់ឆ្នាំ ដើម្បីរម្លឹកពីការតស៊ូទាមទារសិទ្ធិស្មើគ្នា សេរីភាព និងឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព សមិទ្ធផល បញ្ហាប្រឈម ការប្តេជ្ញាចិត្ត និងវិធានការជាវិជ្ជមាននានា នៅក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រីគ្រប់រូប។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ការប្រារព្ធពិធីនាពេលនេះក្នុងគោលបំណងរំលេចនូវសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រីក្នុងវិស័យឌីជីថលប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ។
ទន្ទឹមនេះ លោករដ្ឋមន្ត្រីបន្តគូសបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ដល់ស្ថានភាពស្ត្រីលើគ្រប់រូបភាព នយោបាយ វប្បធម៌ និងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់យ៉ាងច្បាស់នៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រកបដោយភាពប្រទាក់ក្រឡា ដែលមានក្រសួងកិច្ចការនារីជាសេនាធិការដ៏រឹងមាំ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គោលជំហរនយោបាយនេះ នៅតែបន្តពង្រឹង និងអនុវត្ត។
លោករដ្ឋមន្ត្រីលើកឡើងថា ស្របតាមគោលជំហរនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមតែងតែផ្តល់អាទិភាព និងការគិតគូរខ្ពស់ដល់ស្ត្រី ដែលមកទល់ពេលបច្ចុប្បន្ននេះ ភាគរយនៃស្រ្តីក្នុងចំណោម មន្ត្រី បុគ្គលិកសរុបរបស់ក្រសួងបានបន្តកើនឡើង ហើយថ្នាក់ដឹកនាំជាស្ត្រីក៏មានចំនួនកាន់តែច្រើននៅគ្រប់កម្រិតជំនាញ។
ជាចុងក្រោយ លោករដ្ឋមន្ត្រីបានរំឭក និងស្នើដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសគណៈកម្មការនារីប្រចាំក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប បន្តអនុវត្តនូវកិច្ចការសំខាន់ៗមួយចំនួន ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី ក្នុងក្របខណ្ឌការងារទូទៅរបស់ក្រសួង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប គឺ៖
* ទី១) បន្តការកំណត់ឱ្យបានច្បាស់នូវបញ្ហាប្រឈម ឧបសគ្គនានាក្នុងការបំពេញការងារ បំពេញតួនាទីភារកិច្ចរបស់ស្ត្រី និងលើកវិធានការ ដើម្បីដោះស្រាយ
* ទី២) បន្តផ្តល់អាទិភាព និងលើកទឹកចិត្តដល់ស្ត្រីក្នុងការចូលរួមវគ្គបណ្តុះបណ្តាលនានា ជាពិសេសវគ្គបណ្តុះបណ្តាលជំនាញឌីជីថល
* និង ទី៣) បន្តកំណត់លក្ខណៈសម្បត្តិស្ត្រី និងលើកសំណើតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរនិងរៀបចំបែបបទដំឡើងឋានន្តរស័ក្តិនិងថ្នាក់ តាមអតីតភាពការងារ និងតាមគោលការណ៍ច្បាប់ជាធរមាន៕