(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ បានរៀបចំប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «ស្រ្តី និងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល»

ពិធីនេះស្ថិតក្រោមវត្តមានលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងលោកស្រី ហេង សំអាន ប៉ែនកុសល្យ និងលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលពីលោក លោកស្រី ជាអភិបាលរងខេត្ត ជាសមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី ជាប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ជាច្រើនរូបទៀត។

លោកស្រី ហេង សំអាន ប៉ែនកុសល្យ បានអានព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល បានកត់សម្គាល់ឃើញថា សម្រាប់ព្រះរាជាណាចក្រ កម្ពុជា បរិវត្តកម្មឌីជីថល គឺជាការចាំបាច់ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមទំនើប ដែលមានពលរដ្ឋមានចំណេះដឹង និង ជំនាញខ្ពស់ដែលអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថលដោយប្រកាន់ភ្ជាប់នូវ មនសិការស្នេហាជាតិ រក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។

បច្ចេកវិទ្យាឌីជីថលបានដើរតួកាន់តែសំខាន់ក្នុងការសម្រួលដល់ការប្រាស្រ័យទាក់ទង និងផ្សាភ្ជាប់រវាងប្រទេសនិងប្រទេស សង្គមនិងសង្គម មនុស្ស និងមនុស្ស ព្រមទាំងបង្កើនផលិតភាព និងជំរុញពិពិធកម្មសេដ្ឋកិច្ច និងបង្កើតការងារ សំដៅជំរុញ វឌ្ឍនភាពសេដ្ឋកិច្ចនិងសង្គមជាតិ និងពិភពលោកឱ្យកាន់តែរីកចម្រើនថែមទៀត។

ក្នុងនាមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកប៉ែន កុសល្យ បានថ្លែងចូលរួមអបអរសាទរ និងជូនពរ ដល់បងប្អូននារីជាមន្ត្រីរាជការ ជាប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តឧត្តរមានជ័យ ក៏ដូចជាបងប្អូននារីទាំងអស់ទូទាំងពិភពលោកផងដែរ។លោកថា៖ស្រ្តីជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិ។

ការចូលរួមរបស់ស្រ្តីនាពេលបច្ចុប្បន្នទាំងវិស័យឯកជន និង វិស័យសារធារណៈ នៅក្នុងសង្គមកម្ពុជាកាន់តែបង្ហាញឲ្យឃើញ អំពីការតព្វកិច្ច ភារកិច្ច តួនាទី និង ការអនុវត្តនូវសិទ្ធិពេញលេញព្រមទាំងការលានុវត្តភាព ក្នុងការអភិវឌ្ឍន៍នូវចំណេះដឹង ជំនាញ បច្ចេកទេស និង ធនធានរបស់ខ្លួន ដែលជាមូលដ្ឋានគ្រឹះនៃសិទ្ធជាសកលភាពជាដៃគូក្នុងការរស់នៅក្នុងក្រុមគ្រួសារនិងសង្គម ប្រកបដោយសមភាព និង សមធម៌ ។

លោកអភិបាលខេត្តឧត្តរមានជ័យ ក៏បានថ្លែងបញ្ជាក់ពីការចូលរួមរបស់ស្ត្រីនៅគ្រប់កម្រិត គឺជាគុណតម្លៃ ដើម្បីធានាថាប្រជាពលរដ្ឋ គ្រប់រូបមានសិទ្ធិ និងឱកាសពេញលេញក្នុងការទទួលបានជម្រើស ភាពជាតំណាង និងចូលរួមយ៉ាងសកម្ម លើគ្រប់វិស័យដើម្បីឈានទៅសម្រេចបាននូវកិច្ចការអាទិភាពប្រកបដោយប្រសិទ្ធភាព។

លោក ប៉ែន កុសល្យ ក៏បានថ្លែងឱ្យមានការចូលរួមជាចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កបរិស្ថានអំណោយផល និងឱកាសឲ្យស្ត្រី និងក្មេងស្រី បានបន្តចូលរួមយ៉ាងពេញលេញ ក្នុងការអនុវត្តសិទ្ធិ ទទួលបាននូវអត្ថប្រយោជន៍ក្នុងសង្គមដែលមានសន្តិភាព និងការអភិវឌ្ឍក្នុងយុគសម័យឌីជីថល៕