(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានណែនាំមន្ត្រីទាំងអស់សូមកុំពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀនឱ្យសោះ ព្រោះច្បាប់គ្មានការយោគយល់ ឬលើកលែងឡើយ ហើយកាលណាមានសារធាតុញៀន ក្នុងខ្លួននោះសង្គមក៏ស្អប់ខ្ពើម ពលរដ្ឋក៏ស្អប់ខ្ពើម ហើយគ្រួសារខ្លួនឯងក៏មានការស្អប់ខ្ពើមផងដែរ។
ថ្លែងណែនាំបែបនេះខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន ដឹកនាំយុទ្ធនាការលើកទី១ នៃការធ្វើតេស្តរកសារធាតុញៀនលើមន្រ្តីដែលបំរើការងារក្នុងសាលាខេត្តទាំងអស់នាថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នៅទីតាំងសាលាខេត្តកំពត។
ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា យុទ្ធនាការថ្ងៃដំបូងនេះ បើក្នុងករណីរកឃើញថាមានមន្ត្រីណាម្នាក់ មានសារធាតុញៀនក្នុងខ្លួន មន្ត្រីនោះនឹងត្រូវអនុវតតាមច្បាប់ជាធរមាន។ ដោយការអនុវត្តនេះយោងទៅតាម និងទទួលកិច្ចចង្អុលបង្ហាញពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏ដូចជាការដាក់ចេញនូវបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីអំពីការដាក់ចេញវិធានការម៉ឺងម៉ាត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដូច្នេះរដ្ឋបាលខេត្តកំពត បានបើកយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីដែលបំរើការងារក្នុងសាលាខេត្តចាប់ពីពេលនេះតទៅ ដើម្បីត្រួតពិនិត្យលើមន្ត្រីទាំងអស់មុនគេ ដើម្បីជាគំរូដល់បណ្តាមន្ទីរ-អង្គភាពនានាក្នុងខេត្ត។
ម្យ៉ាងវិញទៀត ដើម្បីពង្រឹងគុណភាពមន្ត្រីកុំឱ្យមានការពាក់ព័ន្ធជាមួយគ្រឿងញៀន សារធាតុញៀន នៅក្នុងខ្លួនមន្ត្រីសាលាខេត្តទាំងអស់ ដែលជាមន្ត្រីគំរូសម្រាប់ប្រជាពលរដ្ឋ និងតំណាងឱ្យអ្នកច្បាប់។ លោកបានសង្កត់ធ្ងន់ថា ក្នុងករណីដែលរកឃើញថា មន្ត្រីណាម្នាក់មានសារធាតុញៀនក្នុងខ្លួន គឺត្រូវតែអនុវត្តតាមច្បាប់ ដែលបានកំណត់ ដោយពុំមានការយោគយល់ ឬលើកលែងនោះឡើយ។
ការពិនិត្យនេះទៀតសោត គឺត្រូវធ្វើការពិនិត្យទាំងអស់ ទាំងថ្នាក់ដឹកនាំខេត្ត ចាប់ពីរូបលោកផ្ទាល់ ប្រធានក្រុមប្រឹក្សាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ដើម្បីឱ្យមានតម្លាភាព។
ជាមួយគ្នានេះ ដំណាក់កាលដំបូងនៃយុទ្ធនាការធ្វើតេស្តរកសារធាតុញៀនលើមន្ត្រីសាលាខេត្ត លោកអភិបាលខេត្តក៏បានកំណត់ឱ្យមានការពិនិត្យក្នុងរយៈពេល៦ខែម្តង ដើម្បីពង្រឹងគុណភាពមន្ត្រី និងបញ្ជាក់ថាមន្ត្រីគ្មាន សារធាតុញៀនក្នុងខ្លួន។
នៅក្នុងបទបញ្ជា ០១ បប ត្រង់ចំណុចទី២ បានបញ្ជាក់ថា គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕