(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ២១និង១០នាទីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុខ លីហួរ អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិមួយ សង្កាត់ព្រះពន្លា ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (ICE) ចំនួន២កូនថង់, ម៉ូតូ១គ្រឿង។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា ក្រោយឃាត់ខ្លួន, ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនកមទុកលក់ផង និងប្រើប្រាស់ដោយខ្លួន ឯងផង។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្ដែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះបានទទួលបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕