(ភ្នំពេញ)៖ ​រដ្ឋបាលស្រុកកណ្តាលស្ទឹង នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺជុំវិញគម្រោង​ស្តារស្ទឹងក្រោមទន្លេបាទី ដើម្បីរំដោះ​ទឹកជំនន់ ដោយបច្ចុប្បន្ននេះកំពង់សិក្សាលើគំនូសព្រាង ពុំទាន់ចុះកំណត់ទំហំនិងចំណុចផលប៉ះពាល់នៅឡើយ។

​រដ្ឋបាលស្រុកកណ្តាលស្ទឹង ចេញសេចក្តីបំភ្លឺបែបនេះ បន្ទាប់ពីកាលពីពេលថ្មីៗនេះ មានអង្គភាពសារព័ត៌មាន VOD បានចុះផ្សាយនូវសំណេរមួយដែលមានចំណងជើងថា «ប្រជាពលរដ្ឋខ្លះក្នុងចំណោមជាង១០០ គ្រួសារ នៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តណ្តាល ប្រឈមនឹងការបណ្តេញចេញជាលើកទី២ ពីអាជ្ញាធររដ្ឋ ក្រោមគម្រោងពង្រីកប្រឡាយ ដែលបញ្ហានេះជំរុញឲ្យមានការរិះគន់ថា រដ្ឋាភិបាលមិនខ្វល់ខ្វាយពីសុខទុក្ខប្រជាពលរដ្ឋផ្ទុយនឹងរដ្ឋធម្មនុញ្ញ»។ ​

រដ្ឋបាលស្រុកកណ្តាលស្ទឹង ​បានលើកឡើងថា ការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន VOD បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរ ដល់រដ្ឋបាលស្រុកកណ្តាលស្ទឹង។

​រដ្ឋបាលស្រុកកណ្តាលស្ទឹងបានបញ្ជាក់ថា ​រដ្ឋបាលស្រុកកណ្តាលស្ទឹងបានសហការជាមួយក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកណ្តាល នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០២៤ នៅសាលាបុណ្យភូមិស្រុកចេក ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង បានប្រជុំផ្សព្វផ្សាយពីគម្រោងប្រព័ន្ធដោះទឹកបង្វែរទឹកជំនន់ (ស្ទឹងក្រោមទន្លេបាទី) ជូនប្រជាពលរដ្ឋនៅភូមិស្រុកចេក និងភូមិកំពង់តាឡុងក្នុងឃុំបឹងខ្យាង ដោយគ្រោងស្ដារក្នុងទំហំទទឹង១០០ម៉ែត្រ (ទំហំ៥០ម៉ែត្រពីអ័ក្សស្ទឹង) បច្ចុប្បន្នកំពង់សិក្សាលើគំនូសព្រាង ពុំទាន់ចុះកំណត់ទំហំនិងចំណុចផលប៉ះពាល់នៅឡើយ ក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ ។

ក្នុងករណីខាងលើ រដ្ឋបាលស្រុក មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានខាងលើដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់រដ្ឋបាលស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល​៕